ប្រធាន​ក្លឹប​សូទីឡូ​អង្គរ  ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ហើយ

Keisuke Honda ​ប្រធាន​ក្លឹប​សូទីឡូ​អង្គរ​នៅ​កម្ពុជា ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ហើយ ​បន្ទាប់​ពី​ធ្លាក់​ពី World Cup ​ក្រោម​ថ្វី​ជើង​បែលហ្សិក។

Honda ​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​តែងតែ​នាំ​សំណាង​ដល់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ យ៉ាងណាមិញ ​ក្រោយ​ពី​ធ្លាក់​ពី World Cup ​ឆ្នាំ​នេះ​ទៅ រូបគេ​បាន​ប្រកាស​ថា​ដល់​ពេល​ត្រូវ​ដើរ​ចេញ ហើយ​ទុក​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ​លេង​ម្ដង​ហើយ។ ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ចំពោះ​ការ​ចូល​និវត្តន៍​នេះ​ថា ​ជា​ពេល​វេលា​សមស្រប​មួយ​សម្រាប់​អ្នក​ជំនាន់​ក្រោយ ​បង្កើត​ប្រវត្តិ​ថ្មី។

“World Cup 2018 ​គឺ​ជា World Cup ​ចុង​ក្រោយ​ហើយ​សម្រាប់​ខ្ញុំ។ វា​ជា​រឿង​ពិត​មួយ​ដែល​យើង​ត្រូវ​ផ្លាស់​ប្ដូរ ដើម្បី​ទទួល​បាន​លទ្ធផល​ថ្មី។ ដោយ​ស្មោះ​ត្រង់​ទៅ ​ខ្ញុំ​ចង់​ឱ្យ​អ្នក​គ្រប់​គ្នា​ព្យាយាម​ធ្វើ​ឱ្យ​ល្អ​បន្ថែម​ទៀត ​ខណៈ​ដែល​ខ្ញុំ​ផ្ទាល់​បាន​ប្រឹងប្រែង​អស់​ហើយ ​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ចប់​ការងារ​នៅ​ឡើយ​ទេ”។ សម្ដី​របស់​អតីត​កីឡាករ​លេង​នៅ AC Milan ​និង​ CSKA Moscow។

កីឡាករ​ដែល​ធ្លាប់​មក​កម្ពុជា ​និង​បាន​បង្កើត​ក្លឹប​បាល់ទាត់​មួយ​នៅ​សៀមរាប​ខាង​លើ ​ចូល​លេង​ឱ្យ​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០០៨ ​ដោយ​បាន​បង្ហាញ​ខ្លួន​៩៧​ប្រកួត ​រក​បាន​៣៧​គ្រាប់៕The SUN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT