ទន្ទឹមនឹងការបង្ហាញខ្លួននៅជម្រើស ១១ រូបដំបូងក្នុងជំនួបទល់ Atletico Madrid កាលពីយប់មិញ កីឡាករ Ivan Rakitic នៅតែបង្ហាញពីអារម្មណ៍មិនទាន់កក់ក្តៅចិត្ត ជុំវិញពេលវេលាលេងរបស់ខ្លួន ក្រោយពីខកខានច្រើនលើកច្រើនសារនារដូវកាល ២០១៩/២០ នេះ។
ក្រោយបញ្ចប់ជ័យជម្នះ ១-០ នៅទឹកដី Wanda Metropolitano កីឡាករក្រូអាតបាននិយាយប្រាប់ Marca៖ “ខ្ញុំមិនយល់ពីស្ថានភាពឥឡូវនេះទេ ព្រោះខ្ញុំចង់លេង ហើយបើអាចលេងគ្រប់គ្រាន់ នោះគឺគ្មានទ្រនំផ្សេងណាល្អជាង Barca ឡើយ”។
លោកបន្ត៖ “ខ្ញុំចង់រីករាយនឹងការលេងរៀងរាល់ថ្ងៃ ហើយបើវាអាចកើតឡើងនៅទីនេះបាន នោះគឺប្រសើរខ្លាំងបំផុត”។
រំឭកថាចាប់តាំងពីផ្លាស់មកនៅឆ្នាំ ២០១៤ កីឡាករវ័យ ៣១ ឆ្នាំបានឈ្នះពានរង្វាន់ LaLiga ៤ លើកនិង UCL ១ លើកជាមួយអ្នកមានបុណ្យ។ ចចាមអារ៉ាមនៃការចែកផ្លូវជាមួយក្លឹបក៏ផ្ទុះថាទំនងកើតមានឡើងនៅខែមករា ឆ្នាំ ២០២០ ខាងមុខនេះ៕ ប្រភព៖ Sportskeeda