Ronaldo ​បង្ហើប​ថា​ខ្លួន​ពិត​ជា​មិន​ទាន់​ជា​ពី​របួស​១០០​%​មែន​

Cristiano Ronaldo ​រក​បាន​៤​គ្រាប់​ហើយ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​នៅ​ការ​ប្រកួត​ជម្រុះ Euro 2020 ​ហើយ​ក៏​ជួយ​ក្រុម​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ផង​ដែរ។

នៅ​ជម្រើស​ជាតិ Ronaldo ​បាន​ចូល​លេង​ជាប់​រហូត ខណៈ​ដែល​នៅ​ក្លឹប Juventus ​វិញ ​រូបគេ​មិន​អាច​លេង​បាន​ពេញ​៩០​នាទី​ឡើយ ដោយ​លោក Sarri ​បាន​ប្ដូរ​ចេញ​២​ប្រកួត​ទៅ​ហើយ។ ​ចំពោះ​រឿង​នេះ​ដែរ ​រូបគេ​បាន​បង្ហាញ​កាយ​វិការ​គួរ​ឱ្យ​សង្ស័យ​ចំពោះ​អ្នក​គាំទ្រ​ ប៉ុន្តែ​ក៏​មិន​អន់​ចិត្ត​អ្វី​លើ​ការ​សម្រេច​ចិត្ត​របស់​លោក Sarri ​ឡើយ ព្រោះ​សាមី​ខ្លួន​បង្ហើប​ថា​ពិត​ជា​មាន​របួស​និង​មិន​ទាន់​ជា​១០០​%​មែន។

កីឡាករ​រក​បាន​៩៩​គ្រាប់​ឱ្យ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​និយាយ​ថា​៖ “៣​សប្ដាហ៍​កន្លង​មក ​ខ្ញុំ​លេង​ទាំង​មិន​ទាន់​ជា​១០០%។ ​ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ប្ដូរ​ចេញ​ឡើយ ប៉ុន្តែ​ការ​លេង​ទាំង​មិន​ទាន់​ជា​មិន​ល្អ​ទេ។ ខ្ញុំ​ចង់​ជួយ Juventus ​ខ្ញុំ​យល់​ពី​ការ​ប្ដូរ​ចេញ ​ព្រោះ​ខ្ញុំ​មិន​ទាន់​ជា​ពេញ​លេញ។ ​ហើយ​២​ប្រកួត​ជាមួយ​ព័រទុយហ្គាល់​នេះ ​ខ្ញុំ​ក៏​មិន​ទាន់​ពេញ​ល្អ​ដែរ”៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT