Rivaldo រិះគន់​ក្រុម​ប្រេស៊ីល​ជុំវិញ​ការ​ប្រើប្រាស់​អាវ​លេខ ១០ មិន​ឲ្យ​តម្លៃ​ដល់​វីរបុរស

អតីត​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​គឺ​លោក Rivaldo ​បាន​បង្ហាញ​ការ​រិះគន់​ឥត​សំចៃ​មាត់​ទៅ​លើ​ចំណាត់ការ​នៃ​ក្រុម​ប្រេស៊ីល ដែល​បាន​ប្រគល់​អាវ​លេខ ១០ ទៅ​ឲ្យ​កីឡាករ Lucas Paqueta ដែល​បច្ចុប្បន្ន​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប AC Milan។

កន្លង​ទៅ Paqueta ធ្លាប់​ឃើញ​ប្រើប្រាស់​អាវ​លេខ ១៨ ​លុះ​ដល់​ប្រកួត​ទល់​អាហ្សង់ទីន​ទើប​បញ្ចប់​កន្លង​ទៅ​នេះ​ក៏​ស្រាប់​តែ​រំលេច​នៅ​អាវ​លេខ ១០ ដែល​ធ្លាប់​តែ​ជា​របស់ Neymar Jr។ យ៉ាងណាមិញ​លោក Rivaldo ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ដោយ​សង្កត់​ធ្ងន់​ថា​វា​ជា​លេខ​អាវ​តំណាង​ឲ្យ​វីរបុរស​សំខាន់ៗ​ បែប​នេះ​មិន​គួរ​តែ​ចេះ​ប្រើប្រាស់​ឲ្យ​កីឡាករ​ណា​មួយ​អ៊ីចឹង​ទេ។

ម្ចាស់​ជើង​ឯក WC ឆ្នាំ ២០០២ បាន​សរសេរ​លើ​បណ្តាញ​សង្គម Instagram ថា៖ “ខ្ញុំ​ទស្សនា​ការ​ប្រកួត​រវាង​ប្រេស៊ីល​និង​អាហ្សង់ទីន ហើយ​ពិត​ជា​អាក់អន់​ចិត្ត​ជុំវិញ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អាវ​លេខ ១០ ដោយ​ពួក​គេ​បាន​ឲ្យ​លេខ​នេះ​ទៅ Paqueta ទាំង​ដែល​លេខ​អាវ​នេះ​ទទួល​បាន​ការ​គោរព​ទូទាំង​សកលលោក”។

លោក​សង្កត់​ធ្ងន់៖ “កីឡាករ​មិន​ខុស​នោះ​ទេ តែ​បុគ្គលិក​អ្នក​ចាត់ចែង​លើ​ការ​ផ្តល់​ជូន​នេះ​ទេ​ជា​អ្នក​ខុស ដោយ​យើង​ដឹង​ច្បាស់​ថា​លេខ​អាវ​នេះ​សុទ្ធ​សឹង​ធ្លាប់​ប្រើប្រាស់​ដោយ​ Pele, Rivelino, Zico, Rivaldo, Kaka, Ronaldinho និង Neymar ហើយ​មួយ​ទៀត​សោត​ទម្ងន់​នៃ​អាវ​នេះ​ក៏​អាច​នឹង​ដុត​បំផ្លាញ​អនាគត​របស់​កីឡាករ​វ័យ ២២ ឆ្នាំ ដែល​អាច​នឹង​មាន​អនាគត​ត្រចះត្រចង់​នៅ​ក្រុម​ប្រេស៊ីល​ថែម​ទៀត​ផង”៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT