Icardi ៖ ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង ដើម្បី​បន្ដ​នៅ PSG

ខ្សែ​ប្រយុទ្ធ Mauro Icardi ​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​រក្សា​ខ្លួន​លេង​ឱ្យ​ក្រុម PSG ​ទៀត​នា​រដូវ​កាល​ក្រោយ ​ព្រោះ​មិន​ចង់​ទៅ Inter Milan ​វិញ​ទេ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ខាង​លើ​នេះ ​ត្រូវ​បាន​ក្លឹប PSG ​ខ្ចី​ជើង​ពី Inter Milan ​មក​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ​លេង​នៅ​បារាំង​នេះ Icardi ​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​តែងតែ​រក​គ្រាប់​បាល់​បាន​ជា​និច្ច ​និង​ទទួល​បាន​នាទី​លេង​ទៀងទាត់​ថែម​ទៀត។ កត្តា​នេះ​ហើយ ​ទើប​បាន​ជា​រូបគេ ​ចង់​បន្ដ​លេង​នៅ​ទី​នេះ​តែ​ម្ដង ​មិន​ចង់​ត្រលប់​ទៅ​អ៊ីតាលី​វិញ​ឡើយ។

កីឡាករ​វ័យ​២៦​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​នឹង​ឃើញ​នៅ​ពេល​ចប់​រដូវ​កាល​នេះ។ ​ខ្ញុំ​ចង់​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​លេង ​ហើយ​បាន​លេង​ឱ្យ PSG ​គឺ​ជា​រឿង​ល្អ​បំផុត។ PSG ​ជា​ក្រុម​ល្អ​បំផុត​មួយ​នៅ​លើ​លោក”។ Icardi ​ចូល​លេង​ឱ្យ​ក្រុម​របស់​លោក Thomas Tuchel ​៨​ប្រកួត ​រក​បាន​៧​គ្រាប់ ​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​១​គ្រាប់​ផង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT