លោក Unai Emery នឹងដកតំណែងប្រធានក្រុមចេញពីខ្សែបម្រើ Xhaka វិញ ក្រោយពីកីឡាកររូបនេះបង្ហាញកាយវិការមើលងាយទៅកាន់អ្នកគាំទ្រ ពេលដែលគេត្រូវប្ដូរចេញ។
ជំនួប Arsenal ២-២ Crystal Palace កាលពីពេលកន្លងទៅ មានរឿងមិនល្អកើតឡើងសម្រាប់ក្រុម Arsenal ។ ដោយកីឡាករ Granit Xhaka បានបង្ហាញកាយវិការមិនសមរម្យដាក់អ្នកគាំទ្រ ពេលដែលត្រូវប្ដូរចេញ ជាហេតុកើតមានការមិនពេញចិត្តពេញកីឡដ្ឋានតែម្ដង។ អ្នកគាំទ្របានស្រែកទាមទារឱ្យមានការសុំទោសចំពោះរឿងនេះ ខណៈដែលគ្រូបង្វឹកនិងវីរបុរសក្លឹបកាំភ្លើងធំក៏ចង់ឱ្យកីឡាករនេះ សុំទោសជាសាធារណៈផងដែរ។
ជាមួយគ្នានោះ លោក Emery ក៏បានបញ្ជាក់ដែរថានឹងដកតំណែងប្រធានក្រុមចេញពី Xhaka វិញហើយ ព្រោះកាយវិការមិនសមរម្យរបស់គេបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយសក្លឹបនិងអ្នកគាំទ្រដែលបានចំណាយពេលវេលា មកគាំទ្រដល់កីឡដ្ឋានផ្ទាល់៕ប្រភព Dailymail