Son Heung-min ខ្សែប្រយុទ្ធកូរ៉េខាងត្បូង បាននិយាយថា កូរ៉េនៅតែមានសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ បើទោះជាក្ដីសង្ឃឹមនោះ មានត្រឹមតែ១%ក៏ដោយ។
កូរ៉េខាងត្បូងមាន០ពិន្ទុក្នុងដៃ ឆ្លងកាត់២ប្រកួតមកនេះ។ ខណៈដែលក្នុងពូល F នេះ មិចសិកូមាន៦ពិន្ទុ អាល្លឺម៉ង់មាន៣ពិន្ទុ និងស៊ុយអែតមាន៣ពិន្ទុ ឆ្លងកាត់២ប្រកួតដូចគ្នា។ ស្របពេលដែលប្រកួតទី៣ គឺក្រុមកូរ៉េត្រូវប៉ះអាល្លឺម៉ង់ និងមិចសិកូ ត្រូវប៉ះស៊ុយអែត។ ដោយសារតែប្រកួតចុងក្រោយដូច្នេះហើយ ទើបបានជាកូរ៉េខាងត្បូងនៅតែមានសង្ឃឹមប្រសិនបើឈ្នះអាល្លឺម៉ង់ និងសុយអែតចាញ់មិចសិកូ។
ចំពោះរឿងនេះ Son ខ្សែប្រយុទ្ធរបស់កូរ៉េខាងត្បូងបាននិយាយថា៖ “សល់១%ក៏នៅតែជាសង្ឃឹមរបស់យើងដែរ។ បានមកដល់ World Cup នេះជាក្ដីស្រមៃរបស់យើងហើយ វាជាមោទនភាពរបស់កីឡាករគ្រប់រូបដែលបានមកលេងនៅទីនេះ។ ខ្ញុំលេងតំណាងឱ្យប្រជាជនកូរ៉េ ហើយមិនចង់ចាញ់នោះទេ។ ខ្ញុំសុំទោសដល់ប្រជាជនកូរ៉េទាំងអស់ ដែលយើងចាញ់ប្រកួតមុនៗ។ ដូច្នេះហើយ បានជាថ្ងៃមុនខ្ញុំយំ ពេលជួបប្រធានាធិបតី”៕ប្រភព៖ Asiaone