Redknapp៖ “អ្នកចាត់ការ Pochettino មិន​ទៅ​ឆ្កួត​ចោល Spurs ​ដឹកនាំ​ក្លឹប​មួយ​នេះ​ទេ”

យោង​តាម​ការ​លើក​ឡើង​របស់​លោក Harry Redknapp ​បាន​សង្កត់​ធ្ងន់​ថា​អ្នកចាត់ការ​លោក Mauricio Pochettino នឹង​មិន​ល្ងីល្ងើ​ដល់​ថ្នាក់​ចោល Tottenham Hotspur ហើយ​ទៅ​ដឹកនាំ​ក្លឹប Manchester United នោះ​ទេ។

សព្វថ្ងៃ​បិសាច​ក្រហម​កំពុង​ធ្លាក់​ដុនដាប​ខ្លាំង ឈរ​លេខ​រៀង​ទី ១២ នៅ​ក្របខ័ណ្ឌ Premier League ខណៈ Spurs ក៏​រង​បញ្ហា​រកាំរកូស​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដូច​គ្នា ដែល​មាន​គម្លាត​ដល់​ទៅ ១៣ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង Liverpool។

យ៉ាងណាមិញ​លោក Redknapp ​បាន​ប្រាប់​ Daily Mirror ថា៖ “ស្តាប់​ណា Pochettino គាត់​ជា​អ្នកដឹកនាំ​ក្លឹប​នៅ​ទីក្រុង​ឡុងដុង ​ដែល​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​គាត់ ដោយ​មាន​ទាំង​កីឡដ្ឋាន​ដ៏​អស្ចារ្យ​និង​កីឡាករ​ល្អៗ​ជា​ច្រើន”។

លោក​បន្ត៖ “តើ​ទី​ណា​ដែល​គាត់​អាច​ទៅ​បាន​ល្អ​ជាង Tottenham? ប្រសិន Liverpool គេ​មាន Jurgen Klopp ហើយ ខណៈ City គេ​មាន Pep ហើយ បែប​នេះ​ក្លឹប​ទាំង​ពីរ​មិន​ត្រូវ​ការ​គាត់​ទេ ហើយ​ប្រសិន​ជា Real Madrid នោះ​គឺ​អាច​ថា​ល្អ ព្រោះ​ការ​ដឹកនាំ​ក្លឹប​ដូច​ជា Madrid ​ប្រាកដ​ជា​សំណើ​មួយ​ដែល​លោក​ពិបាក​នឹង​បដិសេធ”។

“ប៉ុន្តែ​ប្រសិន​ឲ្យ​គាត់​ទៅ Man Utd ​ប្រហែល​ខ្ញុំ​គិត​ថា​ Pochettino គាត់​មិន​ល្ងីល្ងើ​ដល់​ថ្នាក់​នោះ​ទេ ព្រោះ​គាត់​ដឹង​ថា​គាត់​នឹង​ត្រូវ​ទទួល​ភារកិច្ច​ធំ​ក្នុង​ការ​កសាង​ប្រព័ន្ធ​លេង​ឡើង​វិញ​ទាំង​ស្រុង​នៅ​ទី​នោះ”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT