កីឡាករ កែវ ភារុន វ័យ១៥ឆ្នាំ បានយកឈ្នះមេដាយសំរឹទ្ធ១គ្រឿងពីព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019 នៅប្រទេសចិន ដើម្បីជាទុនមុនចូលរួម ប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គមេ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩។
យោងតាមមន្ត្រីសហព័ន្ធកីឡាទូកក្តោងកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីហ្វឹកហាត់ រយៈពេល១ខែរបស់កី ឡាករជម្រើសជាតិកីឡាទូកក្តោងទាំង៣នាក់លើវិញ្ញាសា Windsurfing នៅប្រទេសចិនសហព័ន្ធបានបញ្ជូន កីឡាករទាំង៣នាក់នេះដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស គ្រូបង្វឹកជម្រើសជាតិទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019 ដែលប្រព្រឹត្តិទៅ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន។
មន្ត្រីសហព័ន្ធបានបញ្ជាក់ថា កីឡាករជម្រើសជាតិទូកក្តោងទាំង៣នាក់នេះចូលរួមប្រកួត ក្នុងចំណោម ដែលមានកីឡាករប្រមាណ១៣០នាក់ចូលរួមប្រកួត ក្រោមរៀបចំដោយសហព័ន្ធកីឡាទូកក្តោងប្រទេសចិន សហការជាមួយសហព័ន្ធកីឡាទូកក្តោងអាស៊ី ដោយកីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men, កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19, កីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19, ក្រោយពី ការប្រកួតកីឡាទូកក្តោង ASAF Asian Windsurfing Championships 2019។ ជាមួយគ្នានោះលទ្ធផលដែលទទួលបាន គឺកីឡាករ សូត្រ មេសា ទទួលបានចំណាត់ថ្នាក់លេខ១៩ ក្នុងចំណោមកីឡា ២២នាក់។ កីឡាករ ប៉ាល់ សីលា ចំណាត់ថ្នាក់លេខ៥ ក្នុង ចំណោកីឡា៥នាក់។ កីឡាករ កែវ ភារុន វ័យ១៥ឆ្នាំ ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាករ៥នាក់ ដោយ ឈ្នះមេដាយសំរិទ្ធិ១គ្រឿង។
សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានចាត់ទុកថា នេះគឺជាជោគជ័យមួយថ្មីមួយទៀត សម្រាប់ឆ្នាំ២០១៩ ហើយក៏ជាមេដាយដំបូងដែលសហព័ន្ធកីឡាទូកក្តោងកម្ពុជាទទួលបានពីការប្រកួតកំរិតអាស៊ីផងដែរ។ កីឡាករទាំង៣នាក់នេះនឹងបន្តការហ្វឹកហាត់នៅទីប្រទេសចិនដដែល រយៈពេល១ខែបន្ថែមទៀត ដើម្បីបង្កើន គុណភាពបច្ចេកទេស ត្រៀមខ្លួនចូលរួមប្រកួតក្នុង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ។