Messi ទាក់ទង​រ៉ាដា​របស់ R.Madrid មួយ​រូប​ស្ងាត់ៗ ឲ្យ​ចុះចូល​នៅ​ក្លឹប Barcelona

របាយការណ៍​សារព័ត៌មាន Don Balon ​បាន​ចុះ​ផ្សាយ​ថា​កីឡាករ Lionel Messi ​បាន​ទាក់ទង​ជា​សម្ងាត់​ជាមួយ​នឹង​កីឡាករ Lautaro Martinez របស់​ក្លឹប Inter Milan ដោយ​បញ្ចុះបញ្ចូល​ឲ្យ​រូបគេ​ព្រមព្រៀង​ដើរ​ចូល​ក្លឹប FC Barcelona ត្បិត​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​គូ​ប្រជែង​ក្លឹប Real Madrid ក៏​ដោយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា Martinez ​ដែល​ជា​មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន​ជាមួយ Messi ​បាន​ទទួល​ការ​ហៅ​ចូល​ទូរសព្ទ​នៅ​សប្តាហ៍​នេះ ដោយ​ការ​សន្ទនា​រវាង​អ្នក​ទាំង​ពីរ​គឺ​តារា​ឆ្នើម​ពាក់​អាវ​លេខ ១០ ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​វ័យ ២២ ឆ្នាំ​ព្រម​មក​ចូលរួម​នៅ Camp Nou នា​រដូវ​ក្តៅ ជា​ជាង​ការ​ចុះចូល​នៅ Bernabeu។

Martinez ​បាន​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លឹប Inter Milan នៅ​តម្លៃ​ខ្លួន ១៤ លាន​អឺរ៉ូ ក្រោយ​ចាកចេញ​ពី Racing Club ហើយ​ការ​បង្ហាញ​ខ្លួន ៤៤ ប្រកួត​សរុប​នៅ​ក្លឹប​ថ្មី រូប​គេ​សម្រេច​បាន ១២ គ្រាប់​និង Assist ៣ លើក​រួច​មក​ហើយ។

នា​រដូវ​កាល ២០១៩/២០ កីឡាករ​អាហ្សង់ទីន​បង្ហាញ​ទម្រង់​លេង​កាន់​តែ​ល្អ​ជាមួយ​នឹង Inter ដោយ ៩ ប្រកួត​សរុប​ទាំង​នៅ Serie A និង UCL រក​បាន ៣ គ្រាប់​និង Assist ​បាន ១ លើក ហើយ​ក្នុង​នោះ​ក៏​មាន​ចំណែក​គ្រាប់​បាល់​ទល់​ក្លឹប​ខ្លាំង Juventus ថែម​ទៀត​ផង​ដែរ៕ ប្រភព៖FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT