ខ្សែប្រយុទ្ធ Mohamed Salah ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេហ្ស៊ីបហើយ បន្ទាប់ពីប្រទេសនេះធ្លាក់ត្រឹមវគ្គចែកពូលនៃពានរង្វាន់ FIFA World Cup 2018 ។
អេហ្ស៊ីប នឹងលេងប្រកួតចុងក្រោយរបស់ពួកគេ ជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត វេលាម៉ោង៩យប់នេះ។ វាជាប្រកួតបង្គ្រប់កិច្ចមួយសម្រាប់ក្រុមទាំងពីរ ត្បិតអីពួកគេបានធ្លាក់រួចជាស្រេចទៅហើយ ព្រោះឆ្លងកាត់២ប្រកួតកន្លងមក ចាញ់ទាំងពីរប្រកួត គ្មានពិន្ទុសោះ។
ការធ្លាក់ត្រឹមវគ្គក្នុងពូលនេះដែរ ត្រូវបានប្រភពស្និទ្ធជាមួយកីឡាករខាងលើបញ្ជាក់ថារូបគេអាចនឹងប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយ World Cup នេះតែម្ដង។ រូបគេបានជួយក្រុមជម្រើសជាតិអស់ពីសមត្ថភាពទៅហើយ ប៉ុន្តែលទ្ធផលមិនគាប់ប្រសើរឡើយ ដូច្នេះមានតែដើរចេញប៉ុណ្ណោះ។
Salah ជាអ្នកជួយអេហ្ស៊ីបបានឡើងមកលេង World Cup ឆ្នាំនេះ។ រូបគេត្រូវបានអ្នកគាំទ្រនៅប្រទេសអេហ្ស៊ីបកោតសរសើរជាខ្លាំង ថាជាកីឡាករកំពូលម្នាក់ និងមានសមត្ថភាពដូច Cristiano Ronaldo និង Lionel Messi ដែរ៕ប្រភព៖ Edition.cnn