តិច​អត់​ដឹង ​គ្រូ​បង្វឹក​អ៊ីរ៉ង់ ​និង​ Ronaldo ​គឺ​ដូចជា​ឪពុក ​កូន ​អីចឹង!

លោក Queiroz ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​អ៊ីរ៉ង់ ​​ប៉ះ​ជាមួយ​ក្រុម​ព័រទុយហ្គាល់ ​នា​រាត្រី​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ដើម្បី​ប្រកួត​កាត់​ក្ដី​ក្រុម​ណា​ធ្លាក់​ក្នុង​ពូល ​ក្រុម​ណា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

និយាយ​ពី​ការ​ប្រកួត​នេះ ​លោក Queiroz ដែល​ដឹក​នាំ​អ៊ីរ៉ង់ ​គឺ​ជា​មនុស្ស​ស្និទ្ធ​ម្នាក់​របស់ Ronaldo ​ខ្លាំង​ណាស់។ លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ផ្ដល់​យោបល់​ឱ្យ​លោក Sir Alex ​ទិញ​យក Cristiano Ronaldo ​ពី​ក្រុម Sporting ​នៅ​គ្រា​នោះ ​ដែល​ខ្លួន​ជា​ជំនួយការ​នៅ Manchester United ។ ​ក្រោយ​ពី​ទិញ​បាន​ហើយ Queiroz  ​បាន​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ ជាមួយ Ronaldo ​ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ណែនាំ​កំពូល​កីឡាករ​ខាង​លើ​នេះ​ដើរ​តាម​ផ្លូវ​ត្រូវ​មួយ​ផង​ដែរ។ ​អំឡុង​ពេល​នៅ​បិសាច​ក្រហម គេ​បាន​ចាត់​ទុក​មនុស្ស​២​នាក់​នេះ ​ដូច​ជា​ឪពុក ​និង​កូន​អីចឹង។

គ្រូ​បង្វឹក​ដែល​នាំ​ក្រុម​អ៊ីរ៉ង់​តាំង​ពី​ឆ្នាំ​២០១១​មក​នេះ ​បាន​និយាយ​ចំពោះ Ronaldo ​ថា​៖ “ Ronaldo ​គឺ​ជា​អ្នក​ឈ្នះ។ ជា​កីឡាករ​បាល់ទាត់ គាត់​ជា Superman ។ គាត់​តែងតែ​បង្ហាញ​ពី​សក្ដានុពល​របស់​គាត់​ក្នុង​ការ​ប្រកួត ​ហើយ​គាត់​ពិត​ជា​ខ្លាំង ​និង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​ជាង​កីឡាករ​ណា​ទាំង​អស់។ ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​មុន​ការ​ប្រកួត​យប់​នេះ​ទេ ​យើង​នឹង​និយាយ​បន្ដ​ក្រោយ​ចប់​ការ​ប្រកួត”។

ការ​ប្រកួត​នៅ​យប់​នេះ អ៊ីរ៉ង់​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន។ ដោយ​ឡែក​សម្រាប់​ព័រទុយហ្គាល់​វិញ ​រក្សា​ត្រឹម​លទ្ធផល​ស្មើ​ក៏​ពួកគេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ផង​ដែរ។ និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​វិញ ​ក្រុម​ទាំង​ពីរ​នេះ​ប៉ះ​គ្នា​ម្ដង​នៅ World Cup 2016 ​ដោយ​គ្រា​នោះ​ព័រទុយហ្គាល់​ឈ្នះ​ក្នុង​លទ្ធផល ២-០។ ២​គ្រាប់​នា​គ្រា​នោះ ​ក៏​មាន​១​គ្រាប់​ធ្វើ​បាន​សម្រេច​ដោយ Cristiano Ronaldo ​ផង​ដែរ៕ប្រភព៖ Global.espn

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT