ក្រុម Atletico Madrid នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Juventus ក្នុងការប្រកួតសន្សំពិន្ទុតាមពូលពានរង្វាន់ UEFA Champions League រាត្រីនេះ។

ក្រុមទាំងពីរនេះ ជួបគ្នាម្ដងមកហើយកាលពីឆ្នាំមុននៅវគ្គចាញ់ធ្លាក់ ហើយគ្រានោះ AT Madrid ឈ្នះក្នុងដី ប៉ុន្តែទៅអ៊ីតាលីវិញ ត្រូវ Ronaldo ស៊ុតទម្លាក់បានសម្រេចទៀត ដូចដែលកីឡាករព័រទុយហ្គាល់ធ្លាប់ធ្វើកាលនៅ Real Madrid ដែរ។ កត្តានេះហើយ នៅលើកនេះអាចនិយាយបានថាជាប្រកួតសងសឹកក៏បាន។
លោក Diego Simeone អ្នកចាត់ការក្រុម Atletico Madrid បាននិយាយពី Ronaldo មុនការប្រកួតនេះថា៖ “វាពិបាកក្នុងការរៀបចំគ្រប់យ៉ាងដើម្បីប្រជែងជាមួយកីឡាករម្នាក់។ គាត់គឺជាសត្វនៅមុខការរកគ្រាប់បាល់។ គាត់មានកំណត់ត្រាអស្ចារ្យ ហើយឱ្យតែនៅក្បែរប្រអប់គ្រោះថ្នាក់ គាត់តែងតែធ្វើបានសម្រេចជានិច្ច។ គាត់ពិបាកក្នុងការទប់ស្កាត់ គាត់មានគ្រប់យ៉ាង”៕ប្រភព៖ Marca




