Griezmann៖ “ខ្ញុំ​ត្រូវ​ការ​ពេល​ដើម្បី​ទម្លាប់​ការ​លេង​ជាមួយ Messi និង Suarez”

Barcelona ​បាន​បញ្ចប់​ត្រឹម​លទ្ធផល ០-០ នៅ​ការ​ប្រកួត​ទល់​ក្លឹប Borussia Dortmund កាល​ពី​យប់មិញ។ ១ ពិន្ទុ​ក្នុង​ពូល F សម្រាប់​អ្នក​មាន​បុណ្យ ក៏​អរគុណ​ជា​ពិសេស​ដល់​ការ​សង្រ្គោះ​បាល់​របស់​អ្នកចាំទី Marc-Andre ter Stegen ពី​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​តង់​ទី​ពីរ។

សម្រាប់​យប់មិញ​ក៏​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់ Lionel Messi ​ប៉ុន្តែ​រូប​គេ​លេង​ត្រឹម​នាម​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ ហើយ​ការ​ចាប់​ដៃ​ជាមួយ​ចំណូល​ថ្មី​តម្លៃ ១២០ លាន​អឺរ៉ូ ក៏​មិន​ទាន់​ឃើញ​ទទួល​បាន​លទ្ធផល​ល្អ​អ្វី​ខ្លាំង​នោះ​ដែរ។

ឆ្លើយតប​នឹង​រឿងរ៉ាវ​នេះ Griezmann បាន​ប្រាប់​ថា៖ “វា​ជា​ខែ​ទី​ពីរ​របស់​ខ្ញុំ​ហើយ ដោយ​ខ្ញុំ​ត្រូវ​ការ​ទម្លាប់​ឲ្យ​បាន​សិន និង​មាន​ពេលវេលា​លេង​រួម​គ្នា​ច្រើន​ដើម្បី​យល់​ច្បាស់​ពី​ចង្វាក់​នៃ​ការ​លេង​របស់ Suarez និង Messi”។

លោក​បន្ត​ប្រាប់ Movistar+ ទៀត​ថា៖ “យើង​មិន​ទាន់​ធ្វើ​បាន​ល្អ​គ្រប់គ្រាន់​ទេ ហើយ​ចាំ​បាច់​ត្រូវ​ពង្រឹង​ឲ្យ​ប្រសើរ​ជាង​នេះ ដោយ​ការ​សង្គ្រោះ​បាល់​របស់ Marc ក៏​ជា​ចំណែក​ជួយ​ក្រុម​មួយ​ផង​ដែរ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT