អាល្លឺម៉ង់កាលពីយប់មិញនេះ សឹងតែបាត់បង់ឱកាសឡើងវគ្គបន្ដទៅហើយ ប៉ុន្តែបែរជាអាចយកបាន៣ពិន្ទុនិងសង្ឃឹមមកវិញ ពីក្រុមស៊ុយអែត ក្រោយពី Toni Kroos ទាត់មួយជើងយ៉ាងស្អាតចូលចុងម៉ោង ជួយអាល្លឺម៉ង់ឈ្នះ ២-១។
ស៊ុយអែត មិនដែលមានកីឡាករល្បីឈ្មោះដូចក្រុមអាល្លឺម៉ង់នោះ ពិតជាធ្វើបានល្អមែនទែន ពោលគឺពួកគេអាចរក្សាសំណាញ់ទីរបស់ខ្លួន និងរកគ្រាប់បាល់បាននាំមុខអាល្លឺម៉ង់វិញថែមទៀតត្រឹមនាទី៣២។ យ៉ាងណាមិញ ការខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់មិនអត់ប្រយោជន៍នោះទេ ក្រោយពី Marcos Reus រកគ្រាប់បាល់បានតាមស្មើវិញនៅនាទី៤៨។
ការប្រកួតកាន់តែឡើងកម្ដៅ ធ្វើឱ្យខ្សែការពារ Boateng របស់អាល្លឺម៉ង់ទទួលបានកាតក្រហមបណ្ដេញចេញនៅត្រឹមនាទី៨២។ ការបាត់បង់កីឡាករម្នាក់នេះ មិនបានធ្វើឱ្យអាល្លឺម៉ង់បាក់ទឹកចិត្តអ្វីនោះទេ ពោលគឺពួកគេរឹតតែមានកម្លាំងចិត្តថែមទៀត ធ្វើការវាយសម្រុកទៅលើក្រុមស៊ុយអែត។ ១គ្រាប់ជ័យជម្នះរបស់អាល្លឺម៉ង់ត្រូវរង់ចាំដល់នាទី៩០+៥ឯណោះ ទើប Kroos ធ្វើបានសម្រេចដោយការទាត់បាល់ពិន័យកោងយ៉ាងស្អាតចូលទី។
ចប់ការប្រកួតអាល្លឺម៉ង់ ២-១ ស៊ុយអែត ហើយបាន៣ពិន្ទុនេះក៏បានធ្វើឱ្យអាល្លឺម៉ង់មានទឹកមាត់លេបបន្ដទៀតដែរក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតកាត់សេចក្ដីនឹងត្រូវធ្វើឡើងនៅប្រកួតទី ៣ ហើយអាល្លឺម៉ង់ប៉ះកូរ៉េខាងត្បូង និងស៊ុយអែតប៉ះមិចសិកូ៕ប្រភព៖ DailyMail