ខ្សែប្រយុទ្ធ Neymar រកបាន១គ្រាប់ក្នុងការប្រកួតយប់មិញនេះ ក្នុងជ័យជម្នះ ២-០ លើក្រុមកូស្ដារីកា នាប្រកួតទី២របស់ពួកគេនៅ World Cup ឆ្នាំនេះ។
ត្បិតតែរកបាន១គ្រាប់ និងក្រុមឈ្នះមែន ប៉ុន្តែអ្នកគាំទ្រមួយចំនួន និងស្ថិតិនៃការប្រកួតបានបញ្ជាក់ថា Neymar នៅមិនទាន់អាចលេងពេញលេញនៅឡើយ។ ផ្ទុយទៅវិញ រូបគេមិនបានបង្ហាញបច្ចេកទេសនិងអាចរត់បានលឿនដូចប្រកួតមុនៗនោះទេ ក្រោយពីជាសះស្បើយពីរបួស។
យប់មិញគេឃើញថា Neymar លេងខ្លាចៗ ហាក់ដូចជាខ្លាចប៉ះរបួសចាស់។ ខណៈដែលស្ថិតិក៏បានបង្ហាញទៀតថារូបគេតែងតែព្យាយាមលោតគេចពីការប៉ះគ្នា ទើបបណ្ដាលឱ្យក្លាយជាកីឡាករដួលច្រើនជាងគេក្នុងការប្រកួតកន្លងមក។ ជាមួយគ្នានេះដែរ លោក Tite គ្រូបង្វឹកប្រេស៊ីលនៅតែជឿជាក់លើកីឡាករលេខ១០របស់ខ្លួន ហើយតែងតែដាក់រូបគេលេងក្នុងជម្រើស១១នាក់ដំបូងជានិច្ច។
ក្រោយបាន៣ពិន្ទុយប់មិញនេះ ក្រុមប្រេស៊ីលកំពុងឈរលើកំពូលតារាង ប៉ុន្តែមិនទាន់ធានាបានកៅអីនៅឡើយទេ។ ប្រកួតបិទពូល ប្រេស៊ីលត្រូវតតាំងជាមួយក្រុមសែប ហើយប្រសិនបើពួកគេអាចឈ្នះឬស្មើ នោះទើបទទួលបានឱកាសឡើងវគ្គបន្ដបាន៕ប្រភព៖ DailyMail