ព័រទុយហ្គាល់ អ៊ុយរុយហ្គាយ និង​អេស្ប៉ាញ ​ណាត់​គ្នា​ស៊ី​១​គ្រាប់ ​យក​តែ​៣​ពិន្ទុ

ក្រុម​ខ្លាំង​៣ ព័រទុយហ្គាល់ អ៊ុយរុយហ្គាយ និង​អេស្ប៉ាញ ​លេង​ដូច​ណាត់​គ្នា​អីចឹង ពោល​គឺ​ឈ្នះ​ដៃ​គូ​ត្រឹម​លទ្ធផល ១-០ ​ដូច​គ្នា ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ។

ព័រទុយហ្គាល់ ​លេង​ជាមួយ​ម៉ារ៉ុក ពិត​ជា​ស្វិតស្វាញ​មែនទែន ​បើ​ទោះ​ជា Cristiano Ronaldo ​រក​បាន​១​គ្រាប់​តាំង​ពី​នាទី​៤ ក៏​ដោយ ​ក៏​ក្រុម​ព័រទុយហ្គាល់ ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ម៉ារ៉ុក​មាន​តែ​បើក​ការ​វាយ​សម្រុក​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​គ្រាប់ ប៉ុន្តែ​លទ្ធផល​នៅ​តែ​រក្សា ១-០ ​រហូត​ចប់​ការ​ប្រកួត​តែ​ម្ដង។

ចំពោះ​ក្រុម​អ៊ុយរុយហ្គាយ​វិញ ​រក​ឈ្នះ​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត ១-០ ​ដែរ។ ​១​គ្រាប់​ជ័យជម្នះ​នេះ​ធ្វើ​បាន​ដោយ Luis Suarez ​នៅ​នាទី​២៣។ លទ្ធផល​ឈ្នះ​នេះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ ​បើ​ទោះ​ជា​សល់​១​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ។ ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល អ៊ុយរុយហ្គាយ ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ផ្ទះ​រុស្ស៊ី។

អេស្ប៉ាញ​ឯ​ណោះ​វិញ ​ក៏​យក​ឈ្នះ​លើ​ក្រុម​អ៊ីរ៉ង់ ​ក្នុង​លទ្ធផល ១-០ ​ដូច​គ្នា។ ១​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Costa ​នៅ​នាទី​៥៤។ ​ការ​ប្រកួត​នេះ​គេ​មើល​ឃើញ​ថា ​អេស្ប៉ាញ​បាន​ដាក់​គំនាប​ដល់​ក្រុម​អ៊ីរ៉ង់​ខ្លាំង​មែនទែន ​ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​អាច​ឈ្នះ​បាន​ត្រឹម ១-០ ​ប៉ុណ្ណោះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT