ទោះ​សល់​ត្រឹម​ឈ្មោះ តែ Ronaldo ​ថា​មាន​ក្តី​ប្រាថ្នា​ចង់​ចាប់ដៃគូ​ជាមួយ​បុគ្គល​រូប​នេះ

Cristiano Ronaldo បាន​ពន្យល់​ពី​ស្ទាយ​អបអរ ‘Siiuuu’ របស់​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ ដោយ​ថា​ដើម​កំណើត​របស់​វា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រកួត​មួយ​ទល់ Chelsea នៅ​ឯ​ទឹកដី​សហរដ្ឋអាមេរិក ដែល​គ្រា​នោះ​លោក​បាន​ចេញ​កាយវិការ​ដោយ​គ្មាន​ការ​ព្រាង​ទុក ប៉ុន្តែ​ដោយ​ឃើញ​ពី​ចំណាប់​អារម្មណ៍​ដ៏​ធំធេង​របស់​អ្នក​គាំទ្រ CR7 ក៏​បន្ត​ប្រើប្រាស់​ស្ទាយ​ប្រចាំ​ត្រកូល​មួយ​នេះ​ទល់​សព្វថ្ងៃ។

បន្ត​ដល់​ចំណុច​មួយ​ផ្សេង​ទៀត កីឡាករ​វ័យ ៣៤ ឆ្នាំ​ក៏​និយាយ​ដល់​បុគ្គល​មួយ​រូប​ដែល​លោក​ប្រាថ្នា​ចង់​ចាប់​ដៃ​គូ​នៅ​លើ​ទីលាន​ប្រកួត។ Ronaldo និយាយ​ថា៖ “មាន​កីឡាករ​កំពូល​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​លេង​ជាមួយ ប៉ុន្តែ​បើ​ឲ្យ​ខ្ញុំ​រើស​យក​ម្នាក់ នោះ​គឺ Eusebio ដែល​ជា​និមិត្តសញ្ញា​របស់​ព័រទុយហ្គាល់ ​ព្រោះ​គាត់​ជា​បុគ្គល​អស្ចារ្យ​និង​គំរូ​ដល់​អ្នក​រាល់​គ្នា”។

បញ្ជាក់​ថា Eusebio បាន​ទទួល​មរណភាព​ទៅ​ហើយ​កាល​ពី​ឆ្នាំ ២០១៤ ក្នុង​ទីក្រុង Lisbon ប្រទេស​ព័រទុយហ្គាល់។ អំឡុង​បម្រើ​អាជីព​បាល់ទាត់​លោក​រក​បាន ៧៣៣ គ្រាប់​ក្នុង ៧៤៥ ប្រកួត​សរុប ដែល​ធ្លាប់​ទាំង​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ថែម​ទៀត​ផង។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT