ចំណូល​ថ្មី​ទី ៣ តម្លៃ ៨០ លាន​ផោន​របស់ United ​កៀក​ដល់​ថ្ងៃ​ប្រកាស​ហើយ

តារា​ឆ្នើម Harry Maguire របស់​ក្លឹប Leicester City ​នឹង​ប្រកាស​ជា​បេក្ខភាព​ចំណូល​ថ្មី​ទី​បី​របស់​ក្លឹប​បិសាច​ក្រហម​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រោយ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ចុង​ក្រោយ​បាន​ចរចា​ដោយ​ជោគជ័យ។

របាយការណ៍​ពី Gianluca Di Marzio ​បាន​ចុះ​ផ្សាយ​ Leicester ​បាន​គោរព​និង​ឲ្យ​តម្លៃ​ដល់​ក្តី​ប្រាថ្នា​របស់ Maguire ក្នុង​ការ​ចង់​ផ្លាស់​ទៅ​ចូលរួម​នៅ Old Trafford ​បែប​នេះ​ទើប​ក្លឹប​ព្រមព្រៀង​ផ្ទេរ​រូប​គេ​ចេញ​តែ​ម្តង​ទៅ។

Maguire ​បាន​ក្លាយ​ជា​គោលដៅ​ដែល​លោក Solskjaer តាម​ប្រមាញ់​ជា​យូរ​ណាស់​មក​ហើយ ​ខណៈ​ក្លឹប​ទំនង​ជា​ទូទាត់​នូវ​សាច់​ប្រាក់​ប្រមាណ ៨០ លាន​ផោន​ដល់​ខ្សែ​ការពារ​វ័យ ២៦ ឆ្នាំ​រូប​នេះ។

ប្រសិន​ដំណឹង​នេះ​ជា​ការ​ពិត​ នោះ​កីឡាករ​អង់គ្លេស​នឹង​ប្រែ​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​លោក បន្ទាប់​ពី Virgil van Dijk របស់​ហង្ស​ក្រហម Liverpool ដែល​ទទួល​បាន​តម្លៃ​ខ្លួន ៧៥ លាន​ផោន​កាល​ពី​ខែ​មករា​ឆ្នាំ ២០១៨។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT