[ផ្លូវការ] ប្រលូក​បាន ១៩ ឆ្នាំ តារា​ឆ្នើម​បាល់ទាត់​ម្នាក់​ប្រកាស​ព្យួរ​ស្បែកជើង​ហើយ

ក្រោយ​ជោគជ័យ​ពាន Bundesliga ៨ សម័យ​កាល​ជាមួយ​ក្លឹប Bayern Munich ស្រាប់​តែ Arjen Robben បាន​សម្រេច​បោះបង់​អាជីព​របស់​ខ្លួន​ត្រឹម​វ័យ ៣៥ ឆ្នាំ ពោល​គឺ​នឹង​មិន​បន្ត​ទៅ​លេង​ឲ្យ​ក្លឹប​ក្រៅ​ទ្វីប​ណា​ទៀត​នោះ​ទេ។

ចាយ​ពេល ១៩ ឆ្នាំ ស្លាប​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ធ្លាប់​បាន​ចូលរួម​ជាមួយ​ក្លឹប​កំពូល​មាន​តាំង​ពី PSV Eindhoven, Chelsea និង Real Madrid ​មុន​ផ្លាស់​មក​រួមរស់​នៅ Bayern Munich ​នា​ឆ្នាំ ២០០៩ ដែល​ឈរ​ជើង​បាន​យូរ​ជាង​គេ​រហូត​ដល់ ១០ ឆ្នាំ។

អំឡុង​ការ​បង្ហាញ​ខ្លួន​ច្រើន​ជាង ២០០ ប្រកួត​ឲ្យ​ក្រុម​ការពារ​ជើង​ឯក Bundesliga ​បុរស​សញ្ជាតិ​ហូឡង់​រក​បាន ១៤៤ គ្រាប់ បូក​បញ្ចូល​ទាំង​ជ័យជម្នះ​នៅ Champoins League ​នា​រដូវ​កាល ២០១២/១៣ ទល់​ក្លឹប Borussia Dortdmund។

នៅ​ជម្រើស​ជាតិ​លោក​ចូលរួម​លេង​បាន ៩៦ ប្រកួត រក​បាន ៣៧ គ្រាប់ ធ្លាប់​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើង​ឯក​រង​ម្តង​នៅ World Cup កាល​ពី​ឆ្នាំ​ ២០១០។

ថ្លែង​បញ្ជាក់​ចេញ​ពី​មាត់​សាមី​ខ្លួន៖ “ខ្ញុំ​គិត​ច្រើន​ណាស់​ហើយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន ដោយ​គ្រប់​គ្នា​បាន​ដឹង​ថា​ខ្ញុំ​បាន​គិតគូរ​រឿង​នេះ​តាំង​ពី​ប្រកួត​ចុង​ក្រោយ​ឲ្យ Bayern Munich ហើយ​ពេល​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​បេះដូង​និង​ចិត្ត​ដើរ​ទៅ​ព្រម​គ្នា”។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT