Hannes Dor Halldorsson ជាអ្នកចាំទីរបស់ក្រុមអ៊ីស្លង់ កំពុងល្បីឈ្មោះក្រោយពីអាចសង្គ្រោះបាល់១១ម៉ែត្ររបស់កំពូលកីឡាករ Lionel Messi បាន។
ក្រោយពីបង្ហាញខ្លួនដំបូងនៅ World Cup ហើយធ្វើបានល្អថែមទៀតនោះ រូបគេត្រូវបានប្រជាជនអ៊ីស្លង់ស្គាល់ថាជាអ្នកដឹកនាំរឿង និងដឹកនាំការថត MV ឱ្យខាងផលិតកម្ម Icelandic film studio SagaFilm ថែមទៀតផង។ បុរសរូបនេះ បាននិយាយថាខ្លួននឹងចូលវិស័យភាពយន្ដវិញ បន្ទាប់ពីការងារបាល់ទាត់នេះ ប៉ុន្តែបច្ចុប្បន្នចង់គិតពីការលេងឱ្យជម្រើសជាតិសិន។
Halldorsson បាននិយាយដែរចំពោះការសង្គ្រោះបាល់បាន ដោយលោកលើកឡើងថាមុនការប្រកួត តែងតែមើលវីដេអូរបស់ Messi លេង ការស៊ុត ការអូសបាល់ញាក់ និងជាពិសេសនោះគឺការទាត់ប៉េណាល់ទីរបស់គេតែម្ដង។ ជាលទ្ធផលការទាត់បាល់ប៉េណាល់ទីក៏មានពិតមែន ហើយលោកបានយកមេរៀនទាំងនោះមកអនុវត្តន៍ និងទទួលបានជោគជ័យតែម្ដង។
សូមបញ្ជាក់ថាក្រុមជម្រើសជាតិអ៊ីស្លង់ ជាក្រុមប្រទេសមួយដែលតូចជាងគេនៅ World Cup ឆ្នាំនេះ ពោលគឺប្រទេសនេះមានប្រជាជនតែជាង៣សែននាក់ប៉ុណ្ណោះ។ កីឡាករលេងបាល់ទាត់មានត្រឹម១០០នាក់ ប៉ុន្តែសន្ទុះនៃការគាំទ្រវិញគឺពិតជាច្រើនមែនទែន។ ប្រកួតដំបូងរបស់ពួកគេ គឺអាចទប់បានស្មើអាហ្សង់ទីន ១-១៕ប្រភព៖ wiwibloggs