គ្រូបង្វឹកក្បាច់គុនចម្រុះ ហ៊ុន ច័ន្ទរាជ្យ បានរៀបរាប់ផលលំបាកជាច្រើនមុនការបង្កើតសហព័ន្ធ និង បង្ហើបអំពីផលចំណេញក្រាស់ក្រែល ក្រោយបង្កើតបានក្បាលម៉ាស៊ីនសហព័ន្ធកីឡាយុទ្ធគុនចម្រុះកាលចុងឆ្នាំ ២០១៨ កន្លងទៅ។
លោក ហ៊ុន ច័ន្ទរាជ្យ ដែលមានតួនាទីជាអគ្គលេខាធិការនៃសសព័ន្ធក្មេងខ្ចីមួយនេះបានដៅចំណុចលំបាកខ្លះៗ យ៉ាងដូច្នេះ៖« MMA ឬ ហៅថាក្បាច់គុនចម្រុះហ្នឹងជាក្បាច់គុនគេទទួលស្គាល់ជាអន្តរជាតិ ពេលយើងមិនទាន់បង្កើតជាសហព័ន្ធ គេមិនសូវទទួលស្គាល់ដូចសហព័ន្ធដទៃនៅកម្ពុជាទេ ហើយ ការធ្វើការងាររបស់យើងក៏ជួបផលលំបាកច្រើនដែរពាក់ព័ន្ធការរត់ការ ឬ រត់ឯកសារផ្លូវការនានា។ យើងអត់មានសហព័ន្ធ គឺ មិនទាន់ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និង កីឡា ហើយ យើងក៏អត់មានកញ្ចប់ថវិកាពីក្រសួងដែរ។ យើងត្រូវប្រើប្រាស់លុយខ្លួនឯងច្រើន។»
ផ្ទុយទៅវិញបន្ទាប់ពីរៀបចំសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា រួចរាល់ គ្រូបង្វឹកដែលហាត់ក្បាច់គុនតាំងពីអាយុ ៤ ឆ្នាំនៅអាមេរិករូបនេះលម្អិតអំពីផលចំណេញដូចជា មានថ្នាក់ដឹកនាមគ្រប់គ្រងច្បាស់លាស់ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាគុនចម្រុះអន្តរពិភពលោក(WMMAF) សហព័ន្ធជួយសម្រួលកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ជួយជ្រោមជ្រែងកីឡាកររបស់ក្លិបជាសមាជិកទៅប្រកួតលើឆាកអន្តរជាតិ ផ្សព្វផ្សាយក្បាច់គុនចម្រុះរបស់កម្ពុជានៅឆាកអន្តរជាតិ និង បង្កើតទំនាក់ជាមួយស្ថាប័នរៀបចំការប្រកួតលំដាប់ពិភពលោកធំៗ ជាដើម។
សហព័ន្ធកីឡាយុទ្ធគុនចម្រុះត្រូវបានបង្កើតឡើងនៅខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ ដែលមានសមាជិកប្រតិបត្តិចំនួន ៩ រូប។ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រធាន, លោក ម៉ក់ សំអុល និង លោក កែ ប៊ិនសូរស្មី ជាអនុប្រធាន, លោក ហ៊ុន ច័ន្ទរាជ្យ ជាអគ្គលេខាធិការ , កញ្ញា ឈិន រីយ៉ា ជាអគ្គលេខាធិការរង, លោក អន សុវុឌ្ឍីយ៉ា ជាអគ្គហិរញ្ញិក, កញ្ញា សេង សុខសេរី ជាអគ្គហិរញ្ញិករង និង សមាជិក២រូបទៀតគឺ លោក ធន សកល និងលោកគង់ ចាន់ទីណា៕