ក្រោយបរាជ័យទល់នឹង Valencia នៅលទ្ធផល ២-១ អ្នកចាំទីរបស់ Real Madrid កីឡាករ Keylor Navas បាននិយាយដោយមិនលាក់លៀមថាប្រសិនណាក្លឹបដាក់សំណើឲ្យខ្លួនចាកចេញ រូបលោកនឹងព្រមចែកផ្លូវពីទីក្រុង Madrid ភ្លាម។
បុរសសញ្ជាតិកូស្តារីកាបានបញ្ជាក់យ៉ាងច្បាស់ ស្របពេលកុងត្រាជាមួយ Los Blancos នៅសល់រយៈពេលប្រមាណ ១៥ ខែ។ លោកប្រាប់ Marca ថា៖ “បើគ្រូបង្វឹកប្រាប់ឲ្យខ្ញុំចេញ នោះខ្ញុំនឹងចេញ ប៉ុន្តែឥឡូវខ្ញុំមានកុងត្រាជាមួយ Real Madrid ហើយនេះជាក្លឹបរបស់ខ្ញុំ ដោយខ្ញុំបានព្យាយាមខ្លាំងណាស់ដើម្បីបង្ហាញថាខ្ញុំសក្តិសមនឹងទទួលបានតំណែងមួយនេះ ហើយឥឡូវកំពុងផ្តោតខ្លាំងលើ ៨ ប្រកួតដែលនៅសេសសល់នារដូវកាលនេះ”។
អ្នកចាំទីដៃទីពីររបស់ Madrid បន្តទៀតថា៖ “វាជារដូវកាលដ៏ពិបាកមួយ ដោយមិនទទួលបានដូចអ្វីយើងរំពឹងទុកឡើយ តែអ្នករាល់គ្នានៅ Real Madrid ចាំបាច់ត្រូវខិតខំពង្រឹងស្ថានការណ៍ទាំងអស់គ្នា”។
រំឭកថា Navas តាមពិតទៅជាដៃទីពីរបន្ទាប់ពី Courtois ទេ ប៉ុន្តែដោយសារអតីតកីឡាករនៅ Chelsea របួស ហើយក៏មានឈ្មោះចូលរួមប្រជែងគុណភាពក្នុងប៉ុន្មានប្រកួតចុងក្រោយ ដោយគ្រប់គ្នាសុទ្ធរង់ចាំមើលដូចគ្នា តើរដូវកាលបន្ទាប់រវាងអ្នកទាំងពីរនឹងមានលទ្ធផលបែបណាខ្លះ? ប្រភព: Football-Espana