លោក Mauricio Pochettino បាននិយាយថាក្របខណ្ឌ Premier League ធ្វើបាបក្រុម Spurs ខ្លាំងមែនទែន ដោយទុកពេលសម្រាកតិចខ្លះដើម្បីត្រៀមលេងពានរង្វាន់ UEFA Champions League ទល់ក្រុម Dortmund ។
ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នឹងឈានមកដល់នៅរាត្រីម៉ោង៣រំលងអាធ្រាត្រនេះទៀតហើយ។ ដោយក្រុម Real Madrid តតាំងក្រុម Ajax និងក្រុម Dortmund ស្វាគមន៍ក្រុមភ្ញៀវ Spurs ។ គេសង្កេតឃើញថា Dortmund ជាក្រុមដែលត្រូវព្យាយាមខ្លាំងជាងគេក្នុងការប្រកួតនេះ ត្បិតអីជើងទី១កន្លងទៅ ពួកគេបរាជ័យដល់ទៅ ៣-០ ហើយ។
ដើម្បីត្រៀមទប់ទល់នឹងការវាយបករបស់ក្រុមខ្លាំងអាល្លឺម៉ង់ខាងលើនេះដែរ លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បាននិយាយដូច្នេះថា៖ “វាបានបង្កបញ្ហាធំណាស់សម្រាប់យើង។ យើងមានពេលតិចណាស់ក្នុងការរៀបចំក្រុម ព្រោះយើងត្រូវធ្វើដំណើរថែមទៀត។ ការប្រកួតនៅអង់គ្លេស មិនបានផ្ដល់ភាពងាយស្រួលសម្រាប់យើងក្នុងការត្រៀមខ្លួនលេងនេះទេ។ អ្វីដែលយើងអាចធ្វើបានគឺនិយាយគ្នា ប៉ុន្តែមិនអាចហ្វឹកហាត់អ្វីថែមឡើយ។ កីឡាកររបស់យើង ត្រូវការសម្រាក។ ខ្ញុំសង្ឃឹមថាយើងនឹងធ្វើបានល្អនៅរាត្រីនេះ”៕ប្រភព៖ Dailymail