ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំទិញយកកីឡាករ៣នាក់ដើម្បីមកពង្រឹងក្រុមនារដូវកាលក្រោយ ដោយកីឡាករទាំងនោះរួមមានខ្សែការពារ Aaron Wan Bissaka , Kalidou Koulibaly និងខ្សែបម្រើ Ivan Rakitic ។
Aaron Wan Bissaka ជាកីឡាកររបស់ក្រុម Crystal Palace ដែលកំពុងលេចធ្លោមួយរូប។ លោក Roy Hodgson បានទុកចិត្តកីឡាករម្នាក់នេះមែនទែន ដោយគិតត្រឹមរដូវកាលនេះរូបគេចូលលេងបាន៣៧ប្រកួតមកហើយ។ យុវជនវ័យ២១ឆ្នាំ របស់អង់គ្លេសម្នាក់នេះ អាចនឹងជំនួសតំណែងរបស់ Antonio Valencia ។ សម្រាប់ខ្សែការពារម្នាក់ទៀត គឺ Kalidou វិញ ជាកីឡាករដែលក្រុម Man Utd ចង់បានយូរមកដែរ ពីក្រុម Napoli ប៉ុន្តែពិបាកនឹងយកបានដោយសារតែតម្លៃខ្លួនខ្ពស់ពេក។
សម្រាប់កីឡាករម្នាក់ទៀតគឺ Rakitic របស់ក្រុម Barcelona ។ ខ្សែបម្រើសំខាន់ក្នុងក្លឹបមួយនេះ មានដំណឹងថានឹងចាកចេញតាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែមិនអាចសម្រេចទៅវិញ។ យ៉ាងណាមិញ នៅរដូវក្ដៅខាងមុខនេះ កីឡាករវ័យ៣០អាចនឹងត្រូវចាកចេញហើយ ក្រោយបិសាចក្រហមតាមប្រមាញ់មិនឈប់បែបនេះ។
តែទោះជាមានបញ្ជីឈ្មោះយ៉ាងនេះក្ដី ប៉ុន្តែតម្លៃសម្រាប់ទិញដូរកីឡាករខាងលើនេះ មិនទាន់ចេញនោះទេ។ គេអាចដឹងថាប្រសិនបើ Man Utd ចង់បានខ្លាំងមែន នោះតម្លៃអាចនឹងថ្លៃជាមិនខាន ព្រោះពួកគេទាំង៣នាក់នេះ ពិតជាលេងល្អនៅក្លឹបរបស់គេរៀងខ្លួន៕ ប្រភព៖ Dailymail