ខ្សែការពារ Sergio Ramos ត្រូវបានសហព័ន្ធUEFA សម្រេចជាផ្លូវការពិន័យ២ប្រកួតចំពោះទង្វើយកកាតលឿងរបស់ខ្លួន ពេលលេងទល់ក្រុម Ajax កាលពីពេលកន្លងទៅ។
ខាង UEFA បានរកឃើញថា Ramos មានចេតនាក្នុងការយកកាតលឿង១នេះ ក្នុងការប្រកួតទល់ Ajax ដើម្បីរូបគេមានកាតសរុប៣ និងត្រូវជាប់ពិន័យ១ប្រកួតពេលលេងជើងទី២នៅទឹកដី Real Madrid វិញ។ នេះជាការលាងខ្លួនឱ្យស្អាតល្អសម្រាប់ Ramos ដើម្បីចូលលេងនៅវគ្គ៨ក្រុមចុងក្រោយ ខណៈដែលប៉ះ Ajax រូបគេគិតថាក្រុមរបស់ខ្លួននឹងមានឱកាសឡើងជាស្រេច ទោះអវត្តមានរូបគេក៏ដោយ។
ការបន្លំយកកាតនេះ ធ្វើឱ្យខាង UEFA រកឃើញ ដូច្នេះសម្រេចពិន័យថែម១ប្រកួតទៀត ទៅលើ១ប្រកួតដែលរូបគេត្រូវអវត្តមានដោយសារបានកាតលឿង៣នោះ។ ដូច្នេះហើយ Ramos មិនបានជួយក្រុមឡើយពេលប៉ះ Ajax និងមិនបានជួយក្រុម១ប្រកួតបន្ថែមទៀត ប្រសិនបើពួកគេពិតជាបានឡើងទៅវគ្គ៨ក្រុមចុងក្រោយមែន៕ប្រភព៖ Dailymail