Ole Gunnar Solskjaer អ្នកចាត់ការបណ្ដោះអាសន្នក្រុម Manchestser United សរសើរខ្សែប្រយុទ្ធ Marcus Rashford ជាខ្លាំង ក្រោយពីរូបគេព្យាយាមលេងដល់៩០នាទីទាំងមានរបួស។ក្រុមបិសាចក្រហមប៉ះក្រុម Liverpool នៅយប់មិញបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ០-០។ ខណៈដែលការប្រកួតនេះ ក្រុម Man Utd មានរបួសកីឡាករដល់ទៅ៣នាក់ទៅហើយ ត្រឹមតែ១តង់ប៉ុណ្ណោះ។ ខណៈដែលតង់ទី២ ខ្សែប្រយុទ្ធ Rashford មានបញ្ហារបួសទៀត ប៉ុន្តែមិនមានកីឡាករប្ដូរ ទើបតម្រូវឱ្យរូបគេបន្ដលេងរហូតដល់ចប់៩០នាទីតែម្ដង។
ការលេងទាំងមានរបួសនេះ បានធ្វើឱ្យលោក Solskjaer សរសើរទឹកចិត្តរបស់ខ្សែប្រយុទ្ធវ័យក្មេងខ្លួនខ្លាំងណាស់។ លោកបាននិយាយដូច្នេះថា៖ “គាត់បានរងរបួសតាំងពីពេលគេបង្កកំហុសដំបូងលើគាត់ម្ល៉េះ។ ប៉ុន្តែគាត់ដឹងថា គាត់ត្រូវតែលេងក្នុងប្រកួតនេះ ព្រោះយើងអស់កីឡាករប្ដូរហើយ។ គាត់ជាអ្នកប្រយុទ្ធពិតៗរបស់ក្រុមបិសាចក្រហម គាត់ដឹងថាត្រូវធ្វើយ៉ាងណាក្នុងនាមជាកីឡាករ Man Utd លេងក្នុងប្រកួតសំខាន់ដូច្នេះ”៕
ប្រភព៖ DailyMail