ព្រះអង្គម្ចាស់ Mohammad bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដាក់តម្លៃប្រមាណ៣,៨ពាន់លានផោន ដើម្បីទិញយកក្រុម Manchester United ពីគ្រួសារ Glazers ។ខ្សែរាជវង្សរបស់ អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានគេប៉ាន់ប្រមាណថាមានប្រាក់ប្រមាណ៨៥០ពាន់លានផោន។ ពួកគេបានចាប់អារម្មណ៍ទិញយកក្លឹបបិសាចក្រហមនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានគ្រួសារត្រកូល Glazers បដិសេធ។ យ៉ាងណាមិញ ប្រភពថ្មីៗនេះបានចេញមកបញ្ជាក់ទៀតថាព្រះអង្គម្ចាស់ Salman នៅតែមានចិត្តចង់បានក្លឹបនេះដដែល។ ព្រះអង្គពេលនេះបានតំឡើងតម្លៃក្លឹបអង់គ្លេសនេះដល់៣,៨ពាន់លានផោនហើយ ដើម្បីឱ្យខាង Glazers មិនអាចប្រកែកបានតែម្ដង។
ម្ចាស់ដែលជាជនជាតិអាមេរិកខាងលើបានទិញក្លឹប Man Utd នៅឆ្នាំ២០០៣ គ្រានោះមានតម្លៃ៧៩០លានផោន។ ដូច្នេះហើយប្រសិនបើពួកគេពិតជាលក់ក្លឹបនេះឱ្យព្រះអង្គម្ចាស់ Salman មែន នោះពួកគេនឹងចំណេញកប់ក្ដោងតែម្ដង៕
ប្រភព៖ DailyMail