Kevin De Bruyne បានស្នើសុំអ្នកគាំទ្រក្រុម Manchester City ទាំងអស់ថាទុកពេលឱ្យរូបគេផង ព្រោះរបួសញាំញីច្រើនពេកធ្វើឱ្យទម្រង់លេងរបស់ខ្លួនមិនអាចត្រលប់មកដូចដើមវិញភ្លាមៗនោះទេ។
ក្រុម Man City នឹងត្រូវតតាំងជាមួយក្រុម Arsenal នៅម៉ោង១១:៣០នាទីយប់នេះហើយ ក្នុងការប្រកួតពានរង្វាន់លីគកំពូលអង់គ្លេស។ នេះជាការប្រកួតសំខាន់ណាស់សម្រាប់ក្រុមរបស់លោក Pep ព្រោះត្រូវការ៣ពិន្ទុជាចាំបាច់ ដើម្បីប្រជែងជាមួយក្រុម Liverpool បន្ដទៀតនៅកំពូលតារាង។
ជាមួយនឹងការប្រកួតសំខាន់នឹងឈានចូលមកដល់នៅរាត្រីនេះដែរ De Bruyne ដែលធ្លាប់ជាកីឡាករសំខាន់បំផុតក្នុងក្រុមនោះ បានស្នើសុំចិត្តអ្នកគាំទ្រចំពោះទម្រង់លេងមិនទាន់ដល់កម្រិតកំពូលរបស់ខ្លួន។ កីឡាករវ័យ២៧ឆ្នាំបានបញ្ជាក់ថាបច្ចុប្បន្ននេះរូបគេកំពុងតែប្រសើរឡើងហើយ ខណៈដែលការរងរបួសជង្គង់២ដងផ្ទួនគ្នានេះ ពិតជាធ្វើឱ្យរូបគេពិបាកមែនទែនក្នុងការស្វែងរកទម្រង់លេងឱ្យបានល្អវិញនោះ៕ប្រភព៖ Dailymail