កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញនេះ ក្លិបបាល់ទាត់ PKNS FC បានរៀបចំកម្មវិធិសន្និសីទសារព័ត៌មានបង្ហាញសមាសភាពកីឡាករថ្មីចំនួន ០២រូប ដោយត្រូវបានគេស្គាល់ថា ១នាក់ ជាខ្សែប្រយុទ្ធផ្ទេរមកពីក្លិប Johor Darul Ta’zim កីឡាករអាហ្សង់ទីន Gabriel Guerra និង ១នាក់ទៀតជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ។
នៅក្នុងកម្មវិធីនោះផងដែរ គ្រូបង្វឹករបស់ក្លិប លោក K. Rajagobal បានថ្លែងថា៖ « យើងឃើញថាកីឡាករទាំងពីររូបនេះ គឺមានគុណភាពល្អ ដូច Guerra ដែលបានត្រឡប់មកវិញបន្ទាប់ពីរូបគេរួមរស់ជាមួយ JDT ២រដូវកាលកន្លងមក ។ ជាការពិត គាត់បានស្វែងយល់ច្បាស់អំពីបាល់ទាត់ក្នុងប្រទេសនេះ ក៏ដូចជាក្លិបយើងផងដែរ » ។«ចំពោះ វឌ្ឍនាកាវិញ ក៏ធ្លាប់មានបទពិសោធន៍ជាមួយក្រុមជម្រើសជាតិកម្ពុជា និងក្លិប Pahang ផងដែរកាលពីមុន ដូចនេះ ការចូលរួមរបស់អ្នកទាំងពីរ នឹងធ្វើឱ្យការប្រកួតរបស់យើង កាន់តែខ្លាំងក្លា » ។
គួររំលឹកថា វឌ្ឍនាកា នឹងត្រូវពាក់លេខ ២៩ ដែលជាលេខថ្មីរបស់គាត់ ដោយសារតែលេខ ១១នៅក្លិប មានម្ចាស់រួចទៅហើយ ។ យ៉ាងណាមិញ លេខលើអាវ មិនមានសារៈសំខាន់ដូចទៅនឹងទេពកោសល្យទេ ដូចនេះរង់ចាំមើលការលេងរបស់គាត់ក្នុងក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី ជាលើកទីពីរ ។គ្រាដែលលីគកំពូលនឹងបើករដូវកាលនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ខាងមុខនេះ ក្លិប PKNS FC នឹងត្រូវប្រឈមមុខជាមួយក្លិប Terengganu FC ជាក្លិបដែលកីឡាករជម្រើសជាតិកម្ពុជា ១នាក់ទៀតជ្រកកោន គឺ ជារី ចន្ថាប៊ីន ៕