ចុម! Klopp ​បន្ទោស​ថា​មេឃ​ខ្យល់​ខ្លាំង​ពេក ទើប Liverpool ​លេង​ចាញ់ Wolves

ក្រុម Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FA Cup ​ត្រឹម​ជុំ​ទី​៣​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Wolves ​ក្នុង​លទ្ធផល ២-១ ​។បរាជ័យ​នេះ​ដែរ  គឺ​ជា​បរាជ័យ​២​ប្រកួត​ជាប់​គ្នា​ក្នុង​ឆ្នាំ​ថ្មី​របស់​ក្រុម Liverpool ​តែ​ម្ដង ​ក្រោយ​ពី​ពួកគេ​ចាញ់​ក្រុម Man City ​មក។ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​ហង្ស​ក្រហម​បាន​ដាក់​កីឡាករ​បម្រុង​ចូល​លេង​ច្រើន ​ទើប​បណ្ដាល​ឱ្យ​បរាជ័យ​ដូច្នេះ។

ប៉ុន្តែ​បើ​តាម​សម្ដី​របស់​លោក Klopp ​វិញ ​បញ្ហា​ធំ​សម្រាប់​ក្រុម Liverpool ​ដែល​លេង​មិន​ល្អ​ជាមួយ​ក្រុម Wolves ​នេះ​គឺ​មក​ពី​កីឡដ្ឋាន​នេះ​មាន​ខ្យល់​ខ្លាំង​ពេក ធ្វើ​ឱ្យ​កីឡាករ​ពិបាក​លេង​ទប់​បាល់។ “យើង​មាន​កីឡាករ​ប៉ុន្មាន​នាក់​ឈឺ ក្រោយ​លេង​ទល់​ក្រុម City ​មក។ យើង​បាន​ប្ដូរ​កីឡាករ​ថ្មី​ចូល​លេង​វិញ​ពេល​ប៉ះ Wolves ​ប៉ុន្តែ​វា​មិន​ល្អ​នោះ​ទេ ​ខ្យល់​នៅ​ទី​នេះ​មិន​ជួយ​យើង​ឡើយ កីឡាករ​ពិបាក​ក្នុង​ការ​ទប់​បាល់​ខ្លាំង​ណាស់”។

គេ​នៅ​ចាំ​បាន​ថា ​កាល​ពី​ចាញ់​ក្រុម Man City ​លោក Klopp ​បាន​បន្ទោស​ទៅ​លើ​អាជ្ញាកណ្ដាល​ម្ដង​មក​ហើយ ដែល​មិន​ផ្ដល់​កាត​ក្រហម​ដល់ Kompany ​ទើប​បណ្ដាល​ឱ្យ​លោក​ចាញ់​ការ​ប្រកួត។ ខណៈ​ដែល​ពេល​ចាញ់​ក្រុម Wolves ​នេះ​ទៀត បែរ​ជា​ទៅ​បន្ទោស​ខ្យល់​ទៀត ទើប​ធ្វើ​ឱ្យ​លោក​ចាញ់​ប្រកួត​ទី​២៕ប្រភពsportbible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT