កីឡាករមីយ៉ាន់ម៉ា ត្រូវប៉ាន់នៅលីគកំពូលថៃ ក្នុងរដូវកាល ២០១៩

ចាប់តាំងពីគណៈកម្មការរៀបចំការប្រកួតលីគបាល់ទាត់ប្រទេសថៃ បានបើកឱ្យមានការបញ្ចូលកីឡាករអាស៊ាន ( ASEAN Quota ) ដែលអនុញ្ញាតឱ្យក្លិបនិមួយៗនាំចូលកីឡាកររបស់ប្រទេសក្នុងតំបន់អាស៊ាន គេឃើញមានក្លិបជាច្រើនបានព្យាយាមចែចូវយកកីឡាករឆ្នើមៗ ដើម្បីបំពេញចន្លោះខ្វះខាត និងធ្វើឱ្យក្រុមពួកគេកាន់តែមានគុណភាពខ្ពស់។

តួរយ៉ាង សម្រាប់រដូវកាល ២០១៩ ដែលខិតជិតចូលមកដល់នេះ គេឃើញថាវត្តមានកីឡាករឆ្នើមជាច្រើនរូបរបស់ប្រទេសមីយ៉ាន់ម៉ា បានផ្ទេរមកកាន់ក្លិបធំៗក្នុងលីគកំពូលថៃ ដោយគិតត្រឹមបច្ចុប្បន្ននេះគឺមាន ៥រូបហើយ ។កីឡាករទាំងនោះរួមមាន ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Aung Thu បានផ្ទេរមកកាន់ក្លិប Muangthong United ក្រោយជោគជ័យរដូវកាលដំបូងនៅ Police Tero ។ កីឡាករ ២រូបផ្សេងទៀត គឺ Sithu Aung និង Zaw Min Tuan បានផ្ទេរទៅកាន់ក្លិប Chonburi FC ចំណែកឯ Kyaw Ko Ko កាលពីពេលថ្មីៗនេះ ត្រូវបានក្លិប Samut Prakan City FC ( Pattaya United ) ផ្តល់កុងត្រារយៈពេល ១រដូវកាល និងមួយរូបទៀតនោះគឺ Thein Than Win ផ្ទេរមកកាន់ក្លិប Ratchaburi Mitr Phol FC ។

សូមជម្រាបផងដែរថា ក្រៅពីកីឡាករមីយ៉ាន់ម៉ា ដែលមានវត្តមានច្រើនក្នុងលីគកំពូលថៃ ក៏មានកីឡាករពីប្រទេសហ្វីលីពីនច្រើនគួរសមផងដែរ បន្ទាប់មកគឺ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT