ជម្រើសជាតិណាខ្លះ ផ្លាស់ប្តូរគ្រូបង្វឹកក្រោយចប់បេសកកម្ម AFF Suzuki Cup 2018

ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ដ៏ធំប្រចាំទ្វីបអាស៊ីអាគ្នេយ៍ គឺ AFF Suzuki Cup 2018 បានបញ្ចប់ទៅកាលពីពាក់កណ្តាលខែធ្នូកន្លងទៅ (ថ្ងៃទី ១៥) ដោយរកឃើញថា វៀតណាម បានគ្រងជើងឯកជាលើកទីពីរ ក្នុងរយៈពេល ១០ឆ្នាំ និងបានបង្ហាញពីភាពប៉ិនប្រសព្វក្នុងការដឹកនាំរបស់គ្រូបង្វឹកសញ្ចាតិកូរ៉េខាងត្បូង Park Hong-Seo ។

ក្រោយពីព្រឹត្តិការណ៍នេះបានបញ្ចប់ គេក៏បានឃើញអំពីការផ្លាស់ប្តូរគ្រូបង្វឹកមួយចំនួនពីក្រុមជម្រើសជាតិ ក្រោយពីការដឹកនាំមិនបានល្អ។ ខាងក្រោមគឺជាស្ថិតិនៃការផ្លាស់ប្តូរគ្រូបង្វឹករបស់ក្រុមជម្រើសជាតិទាំងនោះ៖
១. លោក Antoine Hey គឺជាគ្រូបង្វឹកដំបូងគេ ដែលបានលាលែងចេញពីតួនាទីនៅក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ក្រោយពីធ្លាក់ត្រឹមវគ្គចែកពូល ពោលគឺមិនដូចទៅនឹងកាលពីឆ្នាំ ២០១៦ ដែលអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា ពុំទាន់ប្រកាសអំពីតួនាទីគ្រូបង្វឹកថ្មីនោះឡើយ។
២. លោក Bima Sakti ដែលចូលមកកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ី សម្រាប់តែព្រឹត្តិការណ៍ Suzuki Cup នោះ ក៏បានដើរចេញពីតួនាទី និងឃើញថាឥណ្ឌូនេស៊ី ពុំមានលទ្ធភាពឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រសារជាថ្មីឡើយ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ សហព័ន្ធបាល់ទាត់ពួកគេ ក៏បានតែងតាំងគ្រូបង្វឹកសញ្ចាតិ ស្កុតឡែន ចូលមកដឹកនាំជាផ្លូវការ ។

៣. លោក Tan Cheng Hoe បើទោះបីជាអាចនាំម៉ាឡេស៊ី ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែកៅអីរបស់លោកក៏ពុំមានសុវត្ថិភាពនោះឡើយ ដោយសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បង្ហាញអំពីដំណើរវិវត្តន៍នៃតួនាទីរបស់លោក ដោយគ្រោងនឹងបើកកិច្ចប្រជុំពិភាក្សាថាត្រូវបន្ត ឬបញ្ចប់ នៅពេលឆាប់ៗខាងមុខនេះ ។
៤. គ្រូបង្វឹករបស់ហ្វីលីពីន លោក Sven-Göran Eriksson បាននិយាយក្រោយពីហ្វីលីពីន ធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថា លោកមិនបារម្មណ៍អំពីតួនាទីរបស់ខ្លួនឡើយ ដោយសហព័ន្ធបានផ្តល់ទំនុកចិត្តឱ្យរូបលោកដឹកនាំបន្តត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ AFC Asian Cup 2019 ។

៥. គ្រូបង្វឹក របស់វៀតណាម លោក Park Hong-Seo ក្រោយពីជោគជ័យជួយឱ្យវៀតណាម គ្រងជើងឯក បានសេចក្តីថា លោកនឹងកាន់តែមានឥទ្ធិពលក្នុងការការពារកៅអីរបស់ខ្លួន ដោយក្នុងនោះសហព័ន្ធកីឡាបាល់ទាត់វៀតណាម គ្រោងនឹងផ្តល់កុងត្រាបន្ថែម រួមជាមួយនឹងការតម្លើងប្រាក់ខែដ៏ច្រើនផងដែរ ។
៦. លោក Milovan Rajevac បន្ទាប់ពីមិនអាចជួយថៃ ការពារជើងឯកបានក្នុងឆ្នាំនេះ ក៏ប៉ុន្តែសហព័ន្ធបានផ្តល់ឱកាសឱ្យរូបលោកបន្តដឹកនាំក្រុមជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍ AFC Asian Cup 2019 ហើយក្រោយចប់ព្រឹត្តិការណ៍នោះ សហព័ន្ធនឹងចាប់ផ្តើមវាយតម្លៃការដឹកនាំរបស់លោក ។

គួររំលឹកថាក្រោយចប់ព្រឹត្តិការណ៍ AFF Suzuki Cup កាលពីឆ្នាំ ២០១៦ គេឃើញថាវត្តមានគ្រូបង្វឹករបស់ជម្រើសជាតិទាំង ១១ នៅអាស៊ីអាគ្នេយ៍ គឺបានផ្លាស់ប្តូរបេក្ខភាពទាំងអស់ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT