គ្រូ​វៀតណាម៖ ​អ្នក​គាំទ្រ​ម៉ាឡេស៊ី​៨​ម៉ឺន​នាក់ ​ដាក់​បន្ទុក​ដល់​យើង ​ចាំ​មើល​ជើង​ទី​២​វិញ​ម្ដង

ក្រុម​វៀតណាម ​លេង​បាន​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-២ ​នា​ការ​ប្រកួត​ជើង​ទី​១​វគ្គ​ផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 ​កាល​ពី​ល្ងាច​មិញ​នេះ។

ក្នុង​ការ​ប្រកួត​នេះ ​វៀតណាម​នាំ​មុខ​ក្រុម​ម៉ាឡេស៊ី​ដល់​ទៅ​២​គ្រាប់​មុន​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​ត្រូវ​របូត​គ្រាប់​បាល់​២​គ្រាប់​វិញ ​ធ្វើ​ឱ្យ​លទ្ធផល​ក្នុង​ជើង​ទី​១​នេះ ​បាន​ត្រឹម​ស្មើ​គ្នា ២-២ ​ប៉ុណ្ណោះ។ ជាមួយ​លទ្ធផល​នេះ​ដែរ ​លោក Park Hang Seo ​គ្រូ​បង្វឹក​វៀតណាម ​មាន​សង្ឃឹម​ច្រើន​ចំពោះ​ជើង​ទី​២ ​ដើម្បី​បង្កើត​ប្រវត្តិ​ថ្មី​លើក​ពាន​រង្វាន់​ក្នុង​តំបន់​មួយ​នេះ។គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​លេង​ល្អ​នៅ​ថ្ងៃ​នេះ ​ហើយ​ការ​របូត​គ្រាប់​បាល់​២​គ្រាប់​ដោយ​បាល់ Set Plays ​នេះ គឺ​យើង​នឹង​មើល​វីដេអូ​ម្ដង​ទៀត ​ដើម្បី​កែប្រែ​វា​ឡើង​វិញ។

ខ្ញុំ​បារម្ភ​ចំពោះ​សំឡេង​អ្នក​គាំទ្រ​៨​ម៉ឺន​នាក់​នៅ​កីឡដ្ឋាន​នេះ ​ដែល​ធ្វើ​ឱ្យ​កីឡាករ​យើង​មាន​សម្ពាធ។ ប៉ុន្តែ​នៅ​ជើង​ទី​២ ​យើង​លេង​នៅ​ទឹក​ដី​យើង ​ក្រុង​ហាណូយ សង្ឃឹម​វា​នឹង​កាន់​តែ​ខ្លាំង ពិសេស​ជាង​នេះ​ទៅ​ទៀត”។នៅ​ជើង​ទី​២​​ក្រុម​វៀតណាម ​នឹង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ​នា​កីឡដ្ឋាន My Dinh ​ដែល​ផ្ទុក​អ្នក​គាំទ្រ​បាន​ជាង​៤​ម៉ឺន​នាក់ ​នៅ​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ ២០១៨៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT