Ronaldo ​ចង់​ឃើញ Messi ​ចេញ​ពី​អេស្ប៉ាញ ​ដើម្បី​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី

Cristiano Ronaldo ​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ចាកចេញ​ពី​ក្លឹប FC Barcelona ​នៅ​អេស្ប៉ាញ ​មក​ប្រកប​អាជីព​នៅ​តាម​បណ្ដា​លីគ​ដទៃ​ទៀត ដើម្បី​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី​ៗ។

កីឡាករ​ដែល​ទើប​ផ្លាស់​ពី Real Madrid ​ទៅ​ចូល​រួម​ជាមួយ​ក្រុម Juventus ​នា​រដូវ​កាល​នេះ ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​នៅ​ពេល​នេះ​មិន​នឹក Messi ​ទេ ប៉ុន្តែ​គាត់​ប្រហែល​ជា​នឹក​ខ្ញុំ។ ខ្ញុំ​ធ្លាប់​លេង​នៅ​អង់គ្លេស ​អេស្ប៉ាញ ​និង​មក​ដល់​អ៊ីតាលី​ទៀត​ហើយ ​ខណៈ​ដែល​គាត់​នៅ​តែ​លេង​នៅ​អេស្ប៉ាញ​ដដែល។ ខ្ញុំ​ចង់​ឱ្យ​គាត់​មក​លេង​នៅ​អ៊ីតាលី​ម្ដង ដើម្បី​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​សម្រេច​ចិត្ត​ចំពោះ​រឿង​នេះ ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ខ្លះ”។

Messi ​ជា​កីឡាករ​ថ្នាល​យុវជន​របស់​ក្រុម FC Barcelona ​ហើយ​មិន​ធ្លាប់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ណា​មួយ​ឡើយ។ ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ខាង​លើ​នេះ​ឈ្នះ​ពាន​រង្វាន់​គ្រប់​អស់​ទៅ​ហើយ ​ប៉ុន្តែ​រឿង​មួយ​ដែល​រូបគេ​មិន​ធ្លាប់​ធ្វើ​នោះ គឺ​ចាកចេញ​ទៅ​លេង​នៅ​ប្រទេស​ដទៃ៕ប្រភពSkysports

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT