គ្រូ​បង្វឹក​ថៃ៖ យើង​ចង់​ប្ដូរ​អ្នក​ស៊ុត​ប៉េណាល់ទី​ដែរ តែ​សន្យា​ឱ្យ Adisak ​ទៅ​ហើយ

លោក Milovan Rajevac ​គ្រូ​បង្វឹក​ក្រុម​ថៃ ​បាន​បញ្ជាក់​ថា​លោក​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​អារម្មណ៍​មិន​មូល​របស់ Adisak ​ក្នុង​ការ​ទាត់​ប៉េណាល់ទី​នេះ ប៉ុន្តែ​មិន​អាច​ដូរ​បាន​ព្រោះ​សន្យា​ផ្ដល់​បាល់​នេះ​ឱ្យ​រូបគេ​ទៅ​ហើយ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី ​បាន​យក​ឈ្នះ​លើ​ក្រុម​ថៃ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ​ហើយ ​ក្រោយ​លេង​ស្មើ​ក្នុង​ដី​ថៃ ២-២ ​ក្នុង​ជើង​ទី​២ ​ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ​បាន​ត្រឹម​ស្មើ​គ្នា ០-០។ ​និយាយ​ពី​ការ​ប្រកួត​នេះ​ដែរ លោក Milovan ​គ្រូ​បង្វឹក​ថៃ ​សរសើរ​ដល់​ទឹក​ចិត្ត​កីឡាករ​របស់​ម៉ាឡេស៊ី ​មាន​ចិត្ត​ចង់​ឈ្នះ​ការ​ប្រកួត​ជាង​កីឡាករ​ក្រុម​ថៃ​ទៅ​ទៀត ទើប​ចុង​ក្រោយ​លទ្ធផល​ពួកគេ​បាន​ឡើង​វគ្គ​បន្ដ​នេះ។

និយាយ​ពី​ការ​របូត​ឱកាស​មាស​ចុង​ម៉ោង​វិញ​នោះ ​គ្រូ​បង្វឹក​សញ្ជាតិ​សែប​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​បាន​គិត​ពី​ការ​ប្ដូរ​អ្នក​ទាត់​បាល់​នោះ​ដែរ ​ដើម្បី​យក​អ្នក​មាន​អារម្មណ៍​មូល​ជាង Adisak ​ប៉ុន្តែ​យើង​បាន​យល់​ព្រម​ឱ្យ​គាត់​ទាត់​បាល់​ប៉េណាល់ទី​នេះ តាំង​ពី​មុន​ការ​ប្រកួត​ម្ល៉េះ។ វា​ជា​សំណាង​អាក្រក់​មួយ​សម្រាប់​គាត់​ដែល​ទាត់​មិន​ចូល ប៉ុន្តែ​ច្បាស់​ណាស់ ​យើង​នៅ​ខាង​គាត់​ជា​និច្ច”។គ្រូ​បង្វឹក​បាន​បន្ថែម​ទៀត​ថា​បរាជ័យ​នេះ ​គឺ​ជា​បទ​ពិសោធ​មួយ​សម្រាប់​ក្រុម​ទាំង​មូល ​ដើម្បី​ត្រៀម​ខ្លួន​ឱ្យ​ល្អ​បំផុត​​ចូល​លេង​ពាន​រង្វាន់ AFC Cup 2019 ​នា​ពេល​ខាង​មុខ​នេះ៕ប្រភពFoxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT