៧ ក្លឹបដែលមានឈ្មោះចូលរួមប្រកួតពានរង្វាន់អឺរ៉ុប តាំងពីថ្នាក់មួយដល់ថ្នាក់បី គិតមកទល់ថ្ងៃនេះ សេសសល់ត្រឹមមួយប៉ុណ្ណោះគឺកូនពៅ Aston Villa នៅពានលំដាប់បី Europa Conference League បន្ទាប់អាចឆ្លងផុតស្ថានការណ៍ដ៏តានតឹង យកឈ្នះទៅលើ Lille នៅវគ្គទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។
បញ្ចប់ ១២០ នាទីគ្រាប់បាល់ក្រុមសងខាងស្មើគ្នា ៣-៣ ដល់ហើយថែមដល់វគ្គកាត់សេចក្តីបាល់ ១១ ម៉ែត្រ ក៏ខាងក្លឹបភ្ញៀវមកពីអង់គ្លេស សម្រេចយកឈ្នះទៅលើម្ចាស់ផ្ទះបារាំង Lille ៤-៣។ ក្រៅតែអរគុណដល់អ្នកស៊ុត ចំណែកធំពិសេសបំផុតនោះ ក៏គួរតែសាទរដល់អ្នកសង្រ្គោះបាល់ពីរជើង គឺ Emiliano Martinez ដែលអាចទះបាល់របស់ Nabil Bentaleb និង Benjamin Andre មិនឲ្យចូលទី។
ទោះជាយ៉ាងណា គ្រប់គ្នាហាក់មានការងឿងឆ្ងល់ជាខ្លាំង ពាក់ព័ន្ធនឹងការផ្តល់ជូនកាត ត្រង់ថានៅនាទី ៣៩ ក្នុងការប្រកួតតង់ទីមួយ អាជ្ញាកណ្តាលធំលោក Ivan Kruzliak បានលើកកាតលឿងមួយហើយទៅអ្នកចាំទីសញ្ជាតិអាហ្សង់ទីន ក្រោមហេតុផលចោទថាគេមានចេតនាពន្យារពេលការប្រកួត។ ដល់តែចូលមកវគ្គស៊ុតប៉េណាល់ទី បានចោទប្រកាន់ថែមទៀត ថា Martinez មានចេតនាឌឺដងទៅកាន់អ្នកគាំទ្រម្ចាស់ផ្ទះ ក៏សម្រេចលើកកាតលឿងមួយបន្ថែម តែបែរកីឡាករមិនរងពិន័យកាតក្រហមទៅវិញ ដ្បិតបើវារាប់ជាកាតលឿងទីពីរ។
តើនោះមកពីមូលហេតុអ្វីទៅ? ដល់ថ្នាក់អ្នកគាំទ្រខ្លះដែលមិនទាន់ដឹងច្បាស់អំពីរឿងរ៉ាវទាំងមូល ក៏បញ្ចេញមតិតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS ថាមកពីអាជ្ញាកណ្តាលចាក់ខ្សែ ខ្លះទៀតសួរចំៗថា ច្បាប់បាល់ទាត់កែថ្មីតាំងពីពេលណា ហេតុអ្វីពួកគេមិនដឹង។
ចម្លើយ៖ គឺបងប្អូនយើងភាគច្រើនហាក់ភ័ន្តច្រឡំធំហើយ ដោយវាជាកាតលឿងទីពីរមែនពិត តែវាស្ថិតក្នុងពេលវេលាដាច់ដោយឡែកពីគ្នា។ តាមច្បាប់បាល់ទាត់បានចែងមកថា៖ “បណ្តាកីឡាករទាំងអស់ដែលទទួលកាត គឺត្រូវបានលុប ឬ Clear ចោល បន្ទាប់ការចប់ប្រកួតពេញម៉ោង ១២០ នាទី ពោលមិនរាប់ចូលបន្តទៅដល់វគ្គស៊ុតប៉េណាល់ទីនោះទេ”។
មានន័យថា ការរងពិន័យកាតលឿងរបស់ Martinez កំឡុងពេលស៊ុតបាល់ ១១ ម៉ែត្រនោះ គឺរាប់សារឡើងវិញទៅជាកាតលឿងទីមួយវិញក្នុងការប្រកួត ក៏ប៉ុន្តែបើគេបន្តខុសឆ្គងត្រង់ប្រការណាមួយដល់ថែមកាតមួយទៀត វាក៏នឹងស្មើកាតក្រហម ជាការបណ្តេញចេញដូចករណីទូទៅធម្មតា។
ដ្បិតបើប្រកួតទល់ Lille គេគេចផុត តែសំណាក់ក្លឹប Aston Villa បានប្រកាសជាផ្លូវការក្រោយចប់ការប្រកួតហើយ ថាជំនួបទល់ក្លឹបក្រិក Olympiacos នៅវគ្គ ៤ ក្រុម ជើងទី ១ នាដើមខែឧសភា គឺនឹងមិនមានវត្តមាន Martinez បង្ហាញខ្លួនឡើយ ក្រោមហេតុផលគេត្រូវព្យួរឈ្មោះ បន្ទាប់ទទួលបានកាតលឿងសរុប ៣ លើកនៅព្រឹត្តិការណ៍ Europa Conference League រដូវកាលតែមួយ។
ចុងក្រោយពាក់ព័ន្ធនឹងការឆ្លើយតបរបស់ម្ចាស់ជើងឯក World Cup ២០២២ បានលើកឡើងនៅបទសម្ភាសន៍ក្រោយយកឈ្នះ Lille ថាពិតជាមិនយល់ចំពោះចំណាត់ការរបស់អាជ្ញាកណ្តាល ពាក់ព័ន្ធកាតលឿងទាំងពីរដែលខ្លួនរងពិន័យ ត្រង់កាតដំបូង ខាងអ្នកចាំទីគេធ្វើបាន តែខ្លួនបែរធ្វើមិនបាន ហើយកាតបន្ទាប់ Martinez គេអះអាងថា ស្រែកសុំបាល់ពីក្មេងរើសបាល់ក្រៅទីលានសោះ បែរជាត្រូវពិន័យទៅវិញ៕
ប្រភព៖ បរទេស