Arsenal លេង​ទាំង​ត្រូវ​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​យប់មិញ ចុះមួយ​ទៀត​ហេតុអ្វី​គ្មាន​អ្នក​គាំទ្រ Bayern សូម្បី​ម្នាក់

​ប្រកួត​ជើង​ទី ១ រវាង​ក្លឹប​យក្ស​ទាំង​បួន នៅ​ជំនួប​ពីរ​គូ​ធំៗ​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS កាល​ពី​យប់មិញ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើ​សង​ខាង ២-២ និង ៣-៣ យ៉ាង​ណា​យើង​ចាប់​អារម្មណ៍​គូ​ឯក Arsenal ប៉ះ Bayern Munich ហាក់​មាន​រឿងរ៉ាវ​គួរ​ឲ្យ​កត់សម្គាល់​ច្រើន និង​ខ្លះ​ក៏​មិន​ទាន់​មាន​ចម្លើយ​សម្រាប់​បងប្អូន​យើង​នៅ​ឡើយ។

ដូច​ករណី​កីឡដ្ឋាន​ប្រើប្រាស់​ឈ្មោះ​ផ្លូវការ ខុស​ពី​សព្វមួយដង និង​កៅអី​ក្នុង​កីឡដ្ឋាន​ហុំព័ទ្ធ​សុទ្ធ​តែ​ឈុត​អ្នក​គាំទ្រ Arsenal ពោល​មិន​មាន​អ្នក​គាំទ្រ Bayern Munich សូម្បី​តែ​ម្នាក់។ តាម​ពិត​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ ចម្លើយ​មិន​ជា​វែងឆ្ងាយ​អូស​បន្លាយ​អី​ពេក​នោះ​ទេ តែ​វា​ក៏​ជា​ចម្ងល់​ដែល​កម្រ​មាន​បងប្អូន​យើង​បាន​ដឹង ​ត្រង់​វា​សុទ្ធ​សឹង​ជា​ច្បាប់​បាន​ចែង​ចេញ​ពី​សមាគម​បាល់ទាត់​អឺរ៉ុប UEFA។

ត្រង់​ឃ្លា​មួយ​បាន​ចែង​ថា គ្រប់​បណ្តា​កីឡដ្ឋាន​ជា​ម្ចាស់ផ្ទះ​ទាំង​អស់ នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឈ្មោះ ជាប់​ម្ចាស់​ឧបត្ថម្ភ​ ឬ Sponsor របស់​ក្លឹប ក្នុង​លក្ខខណ្ឌ​ណា​មួយ​ជា​ដាច់​ខាត។ ឥឡូវ​យើង​បក​ទៅ​មើល​ភាព​ជាក់ស្តែង​នៃ​ក្លឹប​កាំភ្លើង​ធំ Arsenal បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ខ្នាត​យក្ស Emirates របស់​អារ៉ាប់រួម ​តាំង​ឆ្នាំ ២០០៦ មក​ទល់​សុពលភាព​ផុត​កំណត់​នា​ឆ្នាំ ២០២៨ លើ​តួ​លេខ​ប្រាក់​ឧបត្ថម្ភ​មួយ​ឆ្នាំ​ជាង ៥០ លាន​ដុល្លារ។

ហេតុផល​នេះ ​ទើប​តម្រូវ​ឲ្យ​ពួក​គេ​ប្រើប្រាស់​ឈ្មោះ​ផ្លូវការ​នៃ​កីឡដ្ឋាន​ទៅ​ជា Emirates Stadium តែ​យ៉ាង​ណា​ច្បាប់​របស់ UEFA ដែល​ចែង​មក​ហើយ ក៏​ឥត​អាច​ប្រកែក​បាន ​ម្ល៉េះ​ដូច​ប្រកួត​យប់មិញ គេ​ហៅ​កីឡដ្ឋាន​នោះ​ជា Arsenal Stadium ​ជា​ឈ្មោះ​ចុះ​បញ្ជី​ផ្លូវការ​មួយ​ផ្សេង​ទៀត​របស់​ក្លឹប​និង​សមាគម​បាល់ទាត់​អឺរ៉ុប។

ករណី​នេះ​ក៏​នឹង​អនុវត្ត​ទៅ​លើ​ក្លឹប​ដទៃ​ទៀត ជាក់ស្តែង​ដូច​ Manchester City ដែល​ពួក​គេ​ត្រូវ​បើក​កីឡដ្ឋាន Etihad Stadium ​ស្វាគមន៍​ក្លឹប​ភ្ញៀវ Real Madrid នៅ​ពាក់​កណ្តាល​សប្តាហ៍​បន្ទាប់ ក៏​ត្រូវ​ប្រើប្រាស់​ឈ្មោះ​កីឡដ្ឋាន​នោះ ទៅ​ជា The City of Manchester Stadium ជំនួស​វិញ​ដែរ។ វា​មិន​ត្រឹម​តែ​អនុវត្ត​លើ​ឈ្មោះ​កីឡដ្ឋាន​ទេ ទៀត​សោត​សូម្បី​ឈ្មោះ​ក្លឹប ក៏​ត្រូវ​ប្តូរ​ដែរ ក្នុង​ករណី​ជាប់​ឈ្មោះ​ម្ចាស់​ឧបត្ថម្ភ​ដោយ​ប្រការ​ណា​មួយ ជា​ឧទាហរណ៍​ចុងក្រោយ Red Bull Salzburg ​ក្លឹប​មក​ពី​អូទ្រីស គ្រប់​ប្រកួត​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​ខាង​លើ គឺ​តម្រូវ​ឲ្យ​ប្តូរ​មក​ជា FC Salzburg វិញ ​ប្រសិន​ចង់មាន​ឈ្មោះ​លេង។

ចុងក្រោយ​ពាក់ព័ន្ធ​នឹង​រឿង​គ្មាន​អ្នក​គាំទ្រ​ Bayern សូម្បី​ម្នាក់ នៅ Arsenal Stadium យប់មិញ គឺ​មក​ពី​ការ​ដាក់​ពិន័យ​របស់ UEFA ទៅ​លើ​ក្លឹប​យក្ស​អាល្លឺម៉ង់ បន្ទាប់​មាន​អ្នក​គាំទ្រ​ខាង​ពួក​គេ បង្កើត​ចលាចល​កាល​ពី​ប្រកួត​វគ្គ ១៦ ក្រុម ទល់ Lazio លើ​ករណី​គប់​ភ្លើង​កាំជ្រួច​ចូល​ទៅ​ក្នុង​ទីលាន។

ក្លឹប​ត្រូវ​រង​ពិន័យ​ព្យួរ​ឈ្មោះ​អ្នក​គាំទ្រ​ទាំង​អស់​មួយ​ប្រកួត​បន្ទាប់ ដែល​ចំ​ការ​ប្រកួត​យប់មិញ ហើយ​រង​ពិន័យ​ប្រាក់ ៤០ ០០០ អឺរ៉ូ​ផ្សេង​ទៀត។ យ៉ាង​ណា​នៅ​ប្រកួត​បន្ទាប់​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ គឺ​អ្នក​គាំទ្រ​ទាំង​អស់ នឹង​អាច​ត្រលប់​មក​ចូលរួម​ដូច​ទឹក​បាក់​ទំនប់​វិញ​ហើយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT