តែ​ភ្លេច​គឺ​ភ្លាត់​ហើយ លុយ​ជាង​កន្លះ​លាន/ឆ្នាំ ហោះ​ចេញ​ពី Ronaldinho ក្រោយ​ធ្វើ​ខុស​រឿង​មួយ​នៅ​តុ​មុខ​អ្នក​កាសែត

ជា​បុគ្គល​ល្បី ​បើ​និយាយ​អំពី​ឱកាស​កើប​ប្រាក់​ចំណូល​ក៏​ងាយ​រក​បាន​ទៅ​តាម​នោះ តែ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​បញ្ហា​នានា ក៏​ជា​ទូទៅ​រមែង​មាន​ខ្ពស់​ជាង​បណ្តា​ជន​សាមញ្ញ​ផង​ដែរ។ ​គ្រប់​ពេល​ទម្លាក់​ចុងប៊ិច​ស៊ីញ៉េ​លើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ហើយ បុគ្គល​នោះ​ត្រូវ​ប្រាកដ​ថា នឹង​មិន​ល្មើស ឬ​រំលង​លើ​លក្ខខណ្ឌ​ណា​មួយ​ជា​ដាច់​ខាត មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ ឬ​ឈាន​ដល់​ការ​ផ្តាច់​ចោល​កុងត្រា​ខាត​ប្រាក់​វាល​លាន​ត្រឹម​មួយ​ពព្រិច​ភ្នែក។

ដូច​ករណី​អតីត​ជើង​ញាក់​ប្រេស៊ីល​ជំនាន់​ចាស់ Ronaldinho ពិត​ជា​ធ្លាប់​បាន​ធ្វើ​ខុស ចំពោះ​ដៃ​គូ​សហការ​ឧបត្ថម្ភ​ធំ គឺ​ក្រុមហ៊ុន Coca-Cola កាល​ពី​ជាង ១២ ឆ្នាំ​មុន រួច​វា​ក៏​ជា​មេរៀន​សម្រាប់​យុវជន​ជំនាន់​ក្រោយ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផង​ដែរ។

​សារ​ថយក្រោយ​ទៅ​ខែ​កក្កដា ឆ្នាំ ២០១២ កំឡុង​ពេល​ឈរ​ជើង​ឲ្យ​ក្លឹប​ប្រេស៊ីល Atletico Mineiro ​គ្រា​នោះ Ronaldinho ​បាន​នឹង​កំពុង​ជាប់​កុងត្រា​ជាមួយ Sponsor ខ្នាត​យក្ស គឺ​ក្រុមហ៊ុន​ភេសជ្ជៈ Coca-Cola ដែល​ក្នុង​មួយ​ឆ្នាំ លោក​អាច​ទទួល​បាន​ប្រាក់ ៥០០ ០០០ ផោន ឬ​ប្រហែល ៧៦០ ០០០ ដុល្លារ​អាមេរិក លើ​សុពលភាព​ផុត​កំណត់​នៅ​ឆ្នាំ ២០១៤។

ដល់​ហើយ​នៅ​តុ​សន្និសីទ​សារព័ត៌មាន​ឲ្យ​ក្លឹប​អាណាព្យាបាល Ronaldinho ក៏​បាន​មក​អង្គុយ​ដោយ​ខ្វះ​ការ​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ ត្រង់​នៅ​លើ​តុ​មាន​ភេសជ្ជៈ Pepsi ចំនួន ២ កំប៉ុង​នៅ​ពី​លើ​នោះ ដែល​នេះ​ជា​ក្រុមហ៊ុន​គូ​ប្រជែង​ធំ​បំផុត​របស់ Coca-Cola។

បើ​តាម​ដឹង​ពេល​នោះ ក៏​ដោយសារ Mineiro ជា​ក្លឹប​ទទួល​បាន​ការ​ Sponsor ពី​ក្រុមហ៊ុន Pepsi តែ​វា​ផ្ទុយ​ស្រឡះ​អំពី Ronaldinho ដែល​ទទួល​ប្រាក់​ពី​ខាង​ Coca-Cola។ ថា​ការ​ផ្តិត​យក​រូបភាព​ពី​អ្នក​កាសែត​ទៅ ជាប់​យីហោ​ដទៃ​ចំពោះ​មុខ​កីឡាករ អ្វី​ដែល​កាន់​តែ​ហួស​ចិត្ត​គឺ ខ្សែ​ប្រយុទ្ធ​ក្រឡុក​ជំនាញ​ជើង​ស្តាំ ក៏​ថែម​ទាំង​លើក​អក​ភេសជ្ជៈ​ Pepsi អស់​បន្តិច​ថែម​ទៀត កំឡុង​ពេល​ឆ្លើយឆ្លង​សំណួរ។ ​កាល​នោះ​មើល​ទៅ​វា​ដូច​ជា​ការ​ភ្លេចភ្លាំង​មួយ​ពេល​របស់​កីឡាករ ព្រោះ​ធម្មតា​គ្មាន​នរណា​ចង់​ទៅ​ខាតបង់​ប្រាក់​ចំណូល​យ៉ាង​ដូច្នោះ​ទេ។

តែ​ច្បាប់​គឺ​ច្បាប់ ​គ្រប់​យ៉ាង​បាន​កំណត់​លើ​ក្រដាស​កុងត្រា​រួចរាល់​អស់​ហើយ រំលង​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ស្រាប់​តែ​នាយក​ផ្នែក​ទីផ្សារ​របស់ Coca-Cola លោក Marcelo Pontes បាន​ចេញ​មុខ​មក​បកស្រាយ​ថា៖ “ការ​ដែល​កីឡាករ​បាន​រំលេច​វត្តមាន ជាមួយ​នឹង​កំប៉ុង​ Pepsi វា​ពិត​ជា​រឿង​អាម៉ាស់​សម្រាប់​ក្រុមហ៊ុន​របស់​ពួក​យើង​ដែល​បាន​ឧបត្ថម្ភ​ទៅ​កាន់​គេ”។

រី​ឯ​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ឯ​ណោះ៖ “Coca-Cola ​ទទួល​ស្គាល់​អំពី​តម្លៃ​និង​វិជ្ជាជីវៈ​របស់ Ronaldinho តែ​យ៉ាង​ណា​រឿង​ហេតុ​ដែល​បាន​កើត​ឡើង​ពេល​ចុងក្រោយ វា​ពិត​ជា​មិន​អាច​ឲ្យ​ពួក​យើង​បន្ត​ភាព​ជា​ដៃ​គូ​សហការ​ត​ទៅ​ទៀត”។ សរុប​ជា​រួម​មក​មាន​ន័យ​ថា ដោយសារ​កាយវិការ​ខុស​ឆ្គង​តែ​ប៉ុន្មាន​នាទី​ពេល​នោះ បាន​សម្រេច​ឲ្យ​អតីត​ម្ចាស់​ពាន Ballon d’Or និង World Cup ត្រូវ​ខាត​ប្រាក់​ចំណូល​ជាង ១,៥ លាន​ដុល្លារ លើ​កុងត្រា​សេសសល់ ២ ឆ្នាំ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT