៣ ក្លឹប​ដែល Ronaldo ចុច​ឈ្មោះ​នឹង​ឈ្នះ​ពាន UCL មុន​នេះ​ចាប់ឆ្នោត​ប៉ះ​ខាង​ណា​ខ្លះ​នា​វគ្គ ៨ ក្រុម?

ចាប់​ពី​វគ្គ​នេះ​ទៅ​គឺ​ក្តៅ បើ​និយាយ​ពី​ទឹក គឺ​មុជ​កាន់​តែ​ជ្រៅ​ហើយ ឆ្ពោះ​ទៅ​វគ្គ​​ចុង​បញ្ចប់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ ​ដោយ​ថ្មីថ្មោង UEFA ទើប​តែ​សម្រេច​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម និង ៤ ក្រុម​ចុងក្រោយ នៅឯ​ទីស្នាក់ការ​កណ្តាល​នៃ​ទីក្រុង Nyon ប្រទេស​ស្វីស។

ច្បាប់​នៃ​ការ​ផ្គូផ្គង​ក្លឹប​ត្រូវ​ជួប​គ្នា ចាប់​ពី​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ គឺ​លែង​អនុវត្ត​ច្បាប់​ហាម​ឃាត់​ក្លឹប​មក​ពី​ពូល ឬ​មក​ពី​ប្រទេស​តែ​មួយ មិន​ឲ្យ​ជួប​គ្នា​ទៀត​ហើយ ផ្ទុយ​ទៅ​វិញ បើក​បាឡុង​គ្រាប់​បាល់​ប៉ះ​ខាង​ណា គឺ​កំណត់​ជួប​ខាង​នោះ ឥត​អាច​ប្រកែក​បាន។ ចំណោម​សមាសភាព​ក្លឹប​ឈរ​ឈ្មោះ​ទាំង ៨ សុទ្ធ​សឹង​ស្ថិត​ក្នុង​ការ​យល់​ឃើញ​របស់ Cristiano Ronaldo តាំង​ពី​ដើម​រដូវ​កាល ថា​ជា​ក្លឹប​មាន​ភាគរយ​ខ្ពស់​បង្អស់ នឹង​ឈ្នះ​ជើង​ឯក នៅ​ទីក្រុង​ឡុង វគ្គ​ផ្តាច់ព្រ័ត្រ​នា​ខែ​មិថុនា​ខាង​មុខ។

យើង​សារ​ថយ​ក្រោយ​នូវ​សម្រង់​សម្តី តារា​ឆ្នើម​វ័យ ៣៩ ឆ្នាំ ធ្លាប់​បាន​លើក​ឡើង៖ “ការ​ឈ្នះ​ជើង​ឯក​របស់ Man City គឺ​ជា​អ្វី​ដែល​ពួក​គេ​សក្តិសម​នឹង​សម្រេច​បាន ពោល​តាំង​ ២ ឆ្នាំ​មុន​មក​ម្ល៉េះ ខ្ញុំ​ពេញចិត្ត​របៀប​នៃ​ការ​លេង​របស់​ពួក​គេ នេះ​ក៏​មាន​ឱកាស​នឹង​អាច​ឈ្នះ UCL ម្តង​ទៀត​ដែរ និយាយ​អំពី​បេក្ខភាព City តែងតែ​មាន​ឈ្មោះ ហើយ​ដូច​គ្នា Bayern Munich និង Real Madrid”។

ជា​លទ្ធផល​ការ​ចាប់ឆ្នោត​វគ្គ ៨ ក្រុម Champions League រដូវ​កាល ២០២៣/២៤ មាន​ដូច​ត​ទៅ​នេះ៖

  • Arsenal Vs Bayern Munich
  • Atletico Madrid Vs Dortmund
  • Real Madrid Vs Man City
  • PSG Vs Barcelona

គួរ​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​លំដាប់​ពាន​អឺរ៉ុប​ដែល​សេសសល់​ក្លឹប​នៅ​អេស្ប៉ាញ ៣ អង់គ្លេស ២ អាល្លឺម៉ង់ ២ និង​បារាំង ១ ​កំណត់​យក​កាលបរិច្ឆេទ​ប្រកួត​ជើង​ទី​មួយ​នា​ថ្ងៃ​ទី ០៩/១០ មេសា និង​ជើង​ទី​ពីរ ១៦/១៧ មេសា ហើយ​វគ្គ​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ ​នា​ថ្ងៃ​ទី ៣០ មេសា/០១ ឧសភា និង​ជើង​ទី​ពីរ ០៧/០៨ ឧសភា ស្រប​ពេល​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃ​ទី ០១ ​មិថុនា ឆ្នាំ ២០២៤ នៅ​ឯ​កីឡដ្ឋាន Wembley Stadium សុទ្ធសឹងតែនឹងមានផ្សាយបន្តផ្ទាល់លើទំព័រ CTS SPORTS

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT