ប្រែ​ពី​ដុំ​ភក់​ក្លាយ​ជា​ដុំ​ពេជ្រ Sancho ​ល្អ​មួយ​ទំហឹង​នៅ Dortmund ចុះ Man United ប្រុង​លក់​ចេញតម្លៃ​ប៉ុន្មាន?

ប៉ះ​ទង្គិច​ពាក្យ​សម្តី​នឹង​អតីត​អ្នកចាត់ការ​នៅ​ក្លឹប​មេ Manchester United គឺ Erik ten Hag បាន​ធ្វើ​ឲ្យ​អាជីព​របស់​តារា​ឆ្នើម​វ័យ​ក្មេង Jadon Sancho ហាក់​ក្រឡាប់​ចាក់​ធ្លាក់​ចុះ​មួយ​រំពេច តែ​ត្រឹម​រយៈ​ពេល​ខ្លី កីឡាករ​ក៏​អាច​ស្រោចស្រង់​ស្ថានភាព​ត្រលប់​មក​ល្អ​ប្រសើរ​វិញ ជាមួយ​ទ្រនំ​ចាស់ Borussia Dortmund នៅ​ឯ​ទឹកដី​ប្រទេស​អាល្លឺម៉ង់ ដ្បិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

បញ្ជាក់​ម្តង​ទៀត បារម្ភ​បងប្អូន​ខ្លះ​មិន​ទាន់​បាន​ដឹង ករណី​កីឡាករ​អង់គ្លេស បាន​ជ្រើស​ការ​ផ្ទេរ​ពី Dortmund មក United ក្នុង​តម្លៃ​កប់​ពពក ៨៥ លាន​អឺរ៉ូ កាល​រដូវ​ក្តៅ ឆ្នាំ ២០២១ ហើយ​គេ​មិន​ជា​លេចធ្លោ​អី​នោះ​ទេ នៅ Old Trafford ដ្បិត​ ៨២ ប្រកួត រក​បាន​ត្រឹម ១២ គ្រាប់​និង Assist ៦ លើក។ ដល់​តែ​ចុង​ឆ្នាំ​ ២០២៣ ផ្តើម​កើត​ភាព​ចម្រូងចម្រាស់​នឹង​គ្រូ​ធំ ten Hag ក៏​នាំ​ឲ្យ​ Sancho កាន់​តែ​ខ្សត់​ឱកាស ហើយ​បង្ខំ​ចិត្ត​ចាកចេញ​មក​កាន់​ទ្រនំ​ចាស់ និង​ឈរ​ជើង​ទល់​សព្វថ្ងៃ តែ​បានបង្កើតឥទ្ធិពលទៅជា​សញ្ញា​ល្អ ដូច​ការ​ចង់​បាន​របស់​ខ្លួន។

នេះ​កីឡាករ​ដែល​ជា​ដុំភក់​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​មួយ​ចំនួន​នៅ United ​គេ​បាន​ប្រែ​ក្លាយ​ជា​ដុំ​ពេជ្រ​ក្នុង​ចិត្ត​បងប្អូន​អ្នក​គាំទ្រ Borussia Dortmund ជា​ពិសេស ក៏​បន្ទាប់​តែ​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​ទាំង​នៅ Bundesliga និង UEFA Champions League ជាក់ស្តែង​លទ្ធផល​សំខាន់​ទើប​បញ្ចប់​យប់មិញ គេ​ចូលរួម​ចំណែក​រក​បាន​មួយ​គ្រាប់ ដឹក​ម្ចាស់ដី Signal Iduna Park ទម្លាក់​ភ្ញៀវ PSV យក​បាន​កៅអី​ឆ្ពោះ​ទៅ​វគ្គ ៨ ក្រុម​ទៀត​ផង។

ជាង​នេះ​ប្រយុទ្ធ​ស្លាប​វ័យ ២៣ ឆ្នាំ ក៏​បាន​ឈ្នះ​ពាន​ឯកត្តជន​នាម​កីឡាករ​ល្អ​បំផុត ឬ MOTM ប្រចាំ​ការ​ប្រកួត ​រួច​ទទួល​បាន​សម្លេង​សាទរ​ហ៊ោកញ្ជ្រៀវ ពី​អ្នក​គាំទ្រ​ក្នុង​ដី​ដ៏​កក់ក្តៅ ​ប្រៀប​ដូច​ជា​ការ​ប៉ូវ​បេះដូង ក្រោយ​ជួប​រឿង​មិន​ល្អ​នៅ​រយៈ​កាល​មុន។ សរុប​ ៧ ប្រកួត​ចុងក្រោយ​នៅ UCL ក្នុង​ទឹកដី Dortmund ទាំង​កាល​ឈរ​ជើង​លើក​ដំបូង​ផង Sancho អាច​រក​បាន ៤ គ្រាប់​និង Assist ៣ លើក​ឯ​ណោះ។

យ៉ាង​ណា​តាម​ការ​បញ្ជាក់​កន្លង​មក​ពី​ភាគី​ខាង​ក្លឹប Dortmund ថា​បើ United ទាមទារ​តម្លៃ​ខ្ពស់​ពេក គឺ​ក្លឹប​គ្មាន​លទ្ធភាព​នឹង​ទាញ​យក ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ​ត្រលប់​មក​វិញ​ឡើយ ​ព្រោះ​លទ្ធភាព​ខ្ទង់​ចំណាយ​សព្វថ្ងៃ​គឺ​មាន​ទាប មិន​ហ៊ាន​ស្រមៃ​ខ្ពស់​ពេក​នោះ​ទេ។
ចំពោះ​សាមី​ខ្លួន Sancho មាន​ការ​ចុះ​ផ្សាយ​ពី​ប្រភព​ជា​ច្រើន រួម​ទាំង Fabrizio Romano ថា​គេ​ពិត​ជា​ចង់​បន្ត​នៅ Dortmund ត​ទៅ​ទៀត តែ​គ្រប់​យ៉ាង​វា​ស៊ីសង​លើ​ការ​ចរចា​ទៅ​តាម​លក្ខខណ្ឌ​ផ្ទេរ​ចេញ​ត្រឹមត្រូវ​តាម​ច្បាប់​បាល់ទាត់ ហើយ​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ជជែក​តម្លៃ​រវាង​ភាគី​ក្លឹប​អាណាព្យាបាល ឬ​ភាសា​សាមញ្ញ យើង​ហៅ​ថា​ចូល​ចែចូវ។

ជាមួយ​កុងត្រា​សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦ ​មាន​ការ​ចុះ​ផ្សាយ United ​នឹង​ព្រម​លក់​ចេញ​ Sancho ក្នុង​តម្លៃ​ចន្លោះ ៤០ ទៅ ៥០ លាន​ផោន នេះ​មាន​ន័យ​ពួក​គេ​មិន​ព្រម​ទទួល​យក​ការ​ខាតបង់​ក្រោម ៥០ ភាគរយ​ជា​ដាច់​ខាត។

ឆ្លើយតប​មក​វិញ ចំពោះ Dortmund ក៏​ប្រហែល​នឹង​មិន​អាច​ទទួល​យក​តម្លៃ​នេះ ដ្បិត​គ្រា​លក់​ចេញ​បាន ៧២ លាន​ផោន ម្ល៉េះ​ក្លឹប​ក៏​ចង់​រក្សា​លុយ​ចំណេញ​មួយ​ភាគ​ធំ ហើយ​តួ​លេខ​ល្បាក់ ៣០ ទៅ ៤០ លាន​ផោន អាច​ជា​ការ​ផ្តល់​ឲ្យ United ​ខ្ពស់​បំផុត​ហើយ តាម​អ្វី​ដែល​ខ្លួន​ហ៊ាន។ អ៊ីចឹង​ដំណើរការ​ចរចា​បែប​ណា យើង​នឹង​ចុះ​ផ្សាយ​បន្ត​ទៀត​នៅ​ពេល​ក្រោយ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT