តិច​ផ្លូវ​ចាស់​អាច​កើត​ឡើង​ជា​ថ្មី នេះ​បើ​ធៀប​លទ្ធផល Napoli-Barcelona ៤ ឆ្នាំ​មុន​និង​ក្រោយ

រូប​មួយ​សន្លឹក​នេះ ដែល​ទំព័រ​ធំ CTS Sport បាន​បង្ហោះ​ចែករំលែក ហាក់​កំពុង​នាំ​រឿង​ទៀត​ហើយ ពោល​បាន​ផ្ទុះ​ការ​វែកញែក​ឥត​ឈប់ ខ្លះ​ទៅ​ក៏​ផ្ញើ​ជា​សារ​អបអរ​ចង់​ឃើញ​វា​កើត​ឡើង តែ​ខ្លះ​ក៏​បារម្ភ​ចង់​ឲ្យ Barcelona គេច​ផុត ព្រោះ​ក្រែងល​ត្រូវ​រែក​ទុក្ខ​ធ្ងន់​ប្លុង​ការ​ឈឺចាប់​រាប់​ឆ្នាំ​ដូច​មុន​ម្តង​ទៀត។

លទ្ធផល​ចៃដន្យ​ដូច​គេ​រៀប​ពិត​ជា​បាន​កើត​ឡើង នៅ​កំឡុង​ពេល ៤ ឆ្នាំ​មុន​និង​ ៤ ឆ្នាំ​ក្រោយ រវាង​គូ Napoli ទល់ Barcelona ​ត្រង់​ថយ​ក្រោយ​ទៅ​រដូវ​កាល ២០១៩/២០ នា​វគ្គ ១៦ ក្រុម​ពាន​រង្វាន់ UEFA Champions League នេះ​ដែរ កាល​ពី​ជើង​ទី ១ ​ក្រុម​សង​ខាង​លេង​ស្មើ ១-១ លុះ​ដល់​ជើង​ទី ២ ​អ្នក​មាន​បុណ្យ ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Qique Setien ​កាល​នោះ បាន​យក​ឈ្នះ ៣-១ ទៅ​លើ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Gennaro Gattuso លុះ​ឆ្លង​ទៅ​វគ្គ​បន្ទាប់​ការ​លេង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន ទល់ Bayern Munich វគ្គ ៨ ក្រុម​ចុង​ក្រោយ លទ្ធផល​ប្រវត្តិសាស្ត្រ​ដ៏​ភ្ញាក់ផ្អើល​បាន​កើត​ឡើង គឺ Barcelona បរាជ័យ​ក្រោម​ថ្វី​ជើង ២-៨ ឬ ៨-២ ​ជា​ពាក្យ​ពីរ​ឃ្លា​ដែល​អ្នក​គាំទ្រ​ទន្ទេញ​ជាប់​មាត់​ទល់​សព្វថ្ងៃ។

ដល់​តែ​ថ្ងៃ​នេះ វេលា​នេះ លទ្ធផល​នៃ​ដេប៉ា​ចាស់​បាន​រំលេច​ឡើង​ម្តង​ទៀត ហាក់​ដូច​និស្ស័យ​គេ​រៀបរៀង​ឡើង នាំ​ឲ្យ​អ្នក​គាំទ្រ ពិត​ជា​មិន​អាច​ទន្ទឹង​រង់ចាំ​ដល់​ល្ងាច​ថ្ងៃ​សុក្រ ​ទី ១៥ ​មិនា ជា​កាលបរិច្ឆេទ​ចាប់ឆ្នោត​ក្លឹប​ត្រូវ​ប៉ះ​គ្នា​នា​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ និង​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ជា​ការ​ពិត​លទ្ធផល​ក្នុង​ឆ្នាំ ២០២៤ ឬ ៤ ឆ្នាំ​ក្រោយ​នេះ នៅ​ជើង​ទី ១ ក៏ Napoli បាន​ស្មើ ១-១ ទល់ Barcelona ហើយ​ទើប​បញ្ចប់​ជើង​ទី ២ យប់មិញ នៅ​ដី Camp Nou ដដែល​ទៀត ក៏ Barcelona យក​ឈ្នះ ៣-១ នាំ​ឲ្យ​សរុប​ទាំង​ពីរ​ជើង ៤-២ ដូច​លទ្ធផល​កើត​ឡើង​កាល​ឆ្នាំ ២០២០ បេះដាក់។ អ៊ីចឹង​តាម​តម្រុយ តាម​ហេតុ​ដែល​បាន​កើត សង្ស័យ​ណាស់ សង្ស័យ​តែ​ទេវតា​រៀប​ឲ្យ​គូ​ប្រជែង​ចាស់ ត្រូវ​វិល​មក​ប៉ះ​គ្នា​ជា​ថ្មី។

យ៉ាង​ណា​តាម​មតិ​អ្នក​គាំទ្រ​មួយ​ភាគ​ធំ ហាក់​មិន​ញញើត​នឹង​ឲ្យ​គូ​នេះ​ជួប​គ្នា​ទេ ត្រង់​ខ្លះ​ជឿជាក់​លើ Barcelona ថា​ឆ្នាំ​នេះ​ពួក​គេ​ល្អ មិន​ដូច​សារ​មុន​ឡើយ ខណៈ Bayern ក៏​មិន​ជា​លេចធ្លោ​ខ្លាំង​អី​ពេក​ដែរ ដ្បិត​កំពូល​ក្លឹប​នៅ Bundesliga សព្វថ្ងៃ ដែល​គេ​រាប់​ចូល គឺ​ Bayer Leverkusen ឯ​ណោះ។

មួយ​វិញ​ទៀត មាន​ការ​ដាក់​ភាព​ជឿជាក់​លើ​ភាគរយ​ខ្ពស់ ថា​អ្នក​មាន​បុណ្យ​នឹង​អាច​សង​លទ្ធផល​ត្រលប់​មក​វិញ បើ​មិន ៨-២ ក៏​អាច​យក​ឈ្នះ ទម្លាក់ Bayern ឲ្យ​ស្គាល់​ជាតិ​ចាញ់​ថា​វា​ជា​ឈឺចាប់​យ៉ាង​ណា​ដែរ នៅ​ការ​ប្រកួត​នា​ដើម​ខែ​មេសា​បន្ទាប់។ ឆ្ងាញ់​បំផុត​គឺ​ម៉ាស៊ីន​បញ្ចប់​ទី Robert Lewandowski ដែល​ក្លឹប​អាល្លឺម៉ង់​ធ្លាប់​មាន ​ក៏​សព្វថ្ងៃ​ឈរ​ឈ្មោះ​តំណាង​ឲ្យ​ក្លឹប​យក្ស​នៅ​តំបន់​កាតាឡូញ៉ា​ឯ​ណេះ។

​ភ្ជាប់​ទៅ​រឿង​ចុងក្រោយ កុំ​ឲ្យ​ខាត​ពេល​បងប្អូន យើង​សុំ​បន្ថែម​ពាក់ព័ន្ធ​កាយវិការ​គួរ​ឲ្យ​គោរព​របស់​យុវជន​នៅ Camp Nou យប់មិញ​បន្តិច ត្រង់​បន្ទាប់​អាជ្ញាកណ្ដាល​ផ្លុំកញ្ចែ​បញ្ចប់​ការ​ប្រកួត សមាជិក​គ្រប់​គ្នា​របស់ Xavi Hernandez បាន​រត់​មក​លោត​អបអរ​ពេញ​ទីលាន តែ Gavi ជា​ខ្សែ​បម្រើ​ឈរ​ជើង​ក្រៅ​ទីលាន ជួប​បញ្ហា​របួស​គេ​ត្រឹម​ដើរ​ប៉ាក់ប៉ើក​យឺតៗ​ប៉ុណ្ណោះ​ឯង ជា​រួម​ព្យាយាម​ចង់​លោត​តែ​មិន​អាច​លោត​ផុត​ពី​ដី។

ឃើញ​បែប​នោះ Fermin Lopez ​មាន​អាយុ​បង​ Gavi មួយ​ឆ្នាំ​ក៏​ស្រាប់​តែ​រត់​ទៅ​ចាប់​លើក Gavi មក​អបអរ​ឲ្យ​បាន​លោត​ជាមួយ​នឹង​មិត្ត​ឯ​ទៀត​ដែរ នាំ​ឲ្យ​កាយវិការ​នោះ ផ្ទុះ​ការ​ចាប់​អារម្មណ៍ លាន់​មាត់​សរសើរ​ពេញ​បណ្តាញ​សង្គម​ពី​សំណាក់​បងប្អូន​អ្នក​គាំទ្រ ថា​ក្មេងៗ​នៅ Barca ពិត​ជា​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​នឹង​គ្នា​បាន​ល្អ​ណាស់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT