មួយ​ក្លឹប​មាន​មួយ រញ្ជួយ​ចិត្ត​គូ​ប្រជែង នេះ ៣ រូប​តំណែង​បម្រើ ដែល​កំពុង​ពេញ Carry ក្រុម

ជើង​ក្រោម​មាន​អ្នកចាំទី មាន​ជញ្ជាំង​ការពារ រី​ឯ​ប្រអប់​លើ​មាន​ប្រយុទ្ធ​ជួរ​មុខ ចាំ​ឱកាស​បញ្ចប់​គ្រាប់​បាល់ ហើយ​ចន្លោះ​ស្នូល​កណ្តាល​នោះ ពិត​ជា​មិន​អាច​មើល​រំលង ត្រង់​ក៏​មាន​ពួក​គេ​ខ្លះ​បាន​ចូលរួម​ចំណែក​ធំ​សឹង​គ្រប់​ការ​ប្រកួត ពោល​ហៅ​បាន​ជា​ពហុ​ជំនាញ Assist ក៏​ប្រសព្វ បត់​ទៅ​ការ​ស៊ុត​ក៏​ពោរពេញ​ដោយ​បច្ចេកទេស​មិន​ណយ។

CTS SPORTS ​លើក​ឈ្មោះ​ខ្សែ​បម្រើ ៣ រូប ដែល​កំពុង​ពេញ Carry ក្រុម​មួយ​ទំហឹង ហើយ​រមែង​បង្កើត​ផ្លែផ្កា​ជា​គ្រាប់​បាល់ ឬ Assist ឬ​ការ​បង្កើត​ឱកាស Create Chance សំខាន់ៗ​សឹង​គ្រប់​ការ​ប្រកួត។ និយាយ​ជា​រួម​ក្នុង​ក្រុម​ឲ្យ​តែ​មាន​គេ​មួយ គឺ​ល្មម​នឹង​អាច​បន្លាច ក្រឡុក​ចិត្ត​គូ​ប្រជែង​បាន​ហើយ៖

៣) Kevin de Bruyne

ស្តាប់​ទៅ​ប្រហែល​ដូច​ជា​លឿន​ពេក ការ​ដែល​យើង​លើក​ឈ្មោះ​ខ្សែ​បម្រើ​សញ្ជាតិ​បែលហ្សិក​មក​ក្នុង​បញ្ជី​នេះ តែ​បើ​ក្រឡេក​មើល​ស្ថិតិ​ក្រោយ​ត្រលប់​ពី​របួស​ថ្មីថ្មោង គ្រូ​គណិត KDB ពិត​ជា​សក្ដិសម​នឹង​ទទួល​បាន​ការ​សរសើរ។

តើ​អ្នក​ដឹង​ទេ ក្រោយ​តែ​រយៈ​ពេល​ប៉ុន្មាន​ប្រកួត ឈរ​ជើង​បាន​ជាង ៣០០ នាទី De Bruyne គេ​រក​បាន ១ គ្រាប់ ហើយ Assist ដល់​ទៅ ៦ លើក។ ជាមួយ​បច្ចេកទេស​នៃ​ភាព​ឈ្លាសវៃ ការ​សម្លឹង​ឃើញ​ឆ្ងាយ​លើ​ទីលាន ក៏​ដល់​ថ្នាក់​មនុស្ស​យន្ត Erling Haaland ពោល​ពាក្យ​សរសើរ​ឥត​ដាច់​ពី​មាត់​ថា ការ​បញ្ជូន​របស់​រៀម​ច្បង​ខាង​លើ រាប់​ជា​ការ​បញ្ជូន​ដ៏​ល្អ​ឥត​ខ្ចោះ ហើយ​រាល់​ពេល​បាល់​នៅ​នឹង​ជើង Kevin គឺ​យើង​ដឹង​មុន​ហើយ​ថា​នឹង​មាន​អ្វី​ខុស​ប្លែក។

២) Cole Palmer

ជា​អតីត​ដុំថ្ម​ដែល Man City បោះបង់ ឥឡូវ Chelsea ស្រង់​ឡើង​មក​ច្នៃ​កាត់​ជា​គ្រាប់​ពេជ្រ​ត្រឹម​តែ​រយៈ​ពេល​ខ្លី។ កីឡាករ​លេង​តំណែង​បម្រើ​រូប​នេះ ​ក្នុង​រដូវ​កាល​ដំបូង ក៏​ថ្ពក់​យក​បាន​បេះដូង​អ្នក​គាំទ្រ​តោ​ខៀវ​មួយ​ទំហឹង​បាត់​ទៅ​ហើយ ត្រង់​សឹង​គ្រប់​ការ​ប្រកួត តែង​កើត​មាន​ចំណែក​គ្រាប់​បាល់​របស់​គេ។

៣១ ប្រកួត សរុប Goal+Assist មាន​ដល់​ទៅ ២៣ គ្រាប់ ហើយ​ថ្មីថ្មោង​ចុងក្រោយ​បង្អស់ នៅ​ការ Assist ២ ជើង​ក្នុង​ប្រកួត​ទោល​យក​ឈ្នះ Crystal Palace ៣-១ កាល​ពី​យប់មិញ។ ចំណុច​ដែល​ពិត​ជា​មិន​អាច​មើល​រំលង​យុវជន​កម្ពស់​បាន ១,៨៩ ម៉ែត្រ គឺ​ត្រង់​ល្បឿន​របស់​គេ និង​បច្ចេកទេស​កាត់​បាល់​ឆ្លង​ជើង​ដ៏​ឈ្លាសវៃ​កម្រ​កើត​មាន​នៅ Stamford Bridge។

១) Jude Bellingham

អ្នក​ចុងក្រោយ​នេះ ក៏​កាន់​តែ​មិន​អាច​រាប់​រំលង​ក្នុង​បញ្ជី ៣ រូប​យើង​លើក​មក​និយាយ បើ​ទោះ​បី​ Bellingham ទើប​តែ​ជួប​បញ្ហា​របួស ទាមទារ​ការ​សម្រាក​ពេល​ទៅ​មុខ​ជិត ១ ខែ។ ស្ថិត​ក្នុង​អាយុ​ទើប​តែ ២០ ឆ្នាំ នេះ​គឺ​ជា​ខ្សែ​បម្រើ​ល្អ​ដាច់​គេ​ហើយ​សព្វថ្ងៃ ប្រចាំ​លីគ​កំពូល​ទូទាំង​តំបន់​អឺរ៉ុប បន្ទាប់ ២៩ ប្រកួត​សរុប រក​បាន ២០ គ្រាប់​និង Assist ៨ លើក។

បច្ចុប្បន្ន​គេ​ក៏​ជា Top Scorer ប្រចាំ​ក្របខ័ណ្ឌ La Liga មាន ១៦ គ្រាប់ ដែល​សមិទ្ធផល​នេះ គួរ​អរគុណ​ជា​ពិសេស​ដល់​កីឡាករ​សំខាន់ៗ​ពូកែ​ចែក​បាល់​ពី​ខាង​ក្រោម ហើយ​ម្ដងម្កាល​ដាក់ Bellingham ជា​ប្រយុទ្ធ​បញ្ឆោត។ យើង​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត ដ្បិត​អី Bellingham ដែល​ជា​ខ្សែ​បម្រើ កំពុង​ប្រដេញ​កំណត់ត្រា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ La Liga រដូវ​កាល​ដំបូង​ជាមួយ​ Real Madrid ដោយ​សព្វថ្ងៃ​ពី​ក្រោម​ឈ្មោះ Ronaldo Nazario មាន ២៥ គ្រាប់ និង Cristiano Ronaldo មាន ២៦ គ្រាប់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT