បើ​ស្រង់​មិន​ឡើង មាន​តែ​បណ្ដោយ​តាម​វាសនា FC Schalke 04 ប្រឈម​នឹង​បាត់​ឈ្មោះ​ពី​ពិភព​បាល់ទាត់

ក្លឹប​អាល្លឺម៉ង់​ដែល​មាន​អាយុ​កាល​ចំណាស់​បង្អស់​មួយ ដល់​ទៅ ១១៩ ឆ្នាំ គឺ FC Schalke 04 ពេល​ចុងក្រោយ​កំពុង​ស្ថិត​ក្នុង​ខ្សែបន្ទាត់​គ្រោះថ្នាក់ ប្រឈម​ខ្ពស់​អាច​នឹង​ត្រូវ​បាត់​ឈ្មោះ​ចេញ​ពី​ពិភព​បាល់ទាត់ ប្រសិន​ពេលវេលា​សេសសល់​មិន​អាច​ស្រោចស្រង់​ស្ថានការណ៍​ត្រលប់​មក​វិញ​បាន។

នេះ​បន្ទាប់​ការ​ធ្លាក់​ចេញ​ពី​លីគ​កំពូល Bundesliga នៅ​រដូវ​កាល​មុន មក​កាន់​លីគ​លំដាប់​ពីរ 2. Bundesliga ហើយ​ចូល​ដល់​ជុំ​ទី ១៩ ក្លឹប​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ​បន្ត​ធ្លាក់​ទម្រង់ គុណ​បរាជ័យ​ផ្ទួនៗ​កម្រ​ឃើញ​ឈ្នះ បច្ចុប្បន្ន​ឈរ​លេខ​រៀង​ទី ១៥ មាន ២០ ពិន្ទុ​ស្មើ​នឹង​ក្លឹប​ពីរ​ផ្សេង​ទៀត​ស្ថិត​នៅ​តំបន់​ត្រូវ​កាត់​ឈ្មោះ។

ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Karel Geraertsនៅ​សល់​ត្រឹម ១៤ ប្រកួត​ទៀត​ក្នុង​ដៃ ដែល​មាន​ន័យ​ថា ការ​យក​ ៣ ពិន្ទុ​នៅ​ប្រកួត​នីមួយៗ​គឺ​ពិត​ជា​ចាំ​បាច់ ​ត្រង់​វា​ពាក់ព័ន្ធ​នឹង​អាយុ​ជីវិត​នៃ​ក្លឹប ហើយ​មាន​តែ​ពីរ​ឃ្លា ដែល​ឥត​អាច​គេច​ផុត​ត្រូវ​ទទួល​យក​ខាង​មុខ ១) គឺ​បន្ត​រស់រាន ២) គឺ​លេច​បាត់​ពី​ពិភព​បាល់ទាត់។

ចំណុច​ទី ១ ​កត្តា​ដែល​អាច​ឲ្យ​ពួក​គេ​បន្ត​រស់រាន​ទៅ​មុខ ចាំ​បាច់​ក្លឹប​ត្រូវ​តែ​ស្តារ​ទម្រង់​លេង​ឡើង​វិញ ពោល​ទាមទារ​មិន​ឲ្យ​ធ្លាក់​ចេញ​ពី​លីគ​លំដាប់​ទី​ពីរ​នៅ​បិទ​រដូវ​កាល។ រី​ឯ​កត្តា​ចាក់​ដោត​អាច​នាំ​ឲ្យ ​ក្លឹប​ម្ចាស់ដី VELTINS-Arena ត្រូវ​បាត់​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល​ទាំង​ឡាយ គឺ​ប្រសិន​ណា​បិទ​រដូវ​កាល​ធ្លាក់​ឈ្មោះ​នៅ​ខ្សែ​បន្ទាត់​ក្រហម ​សម្រេច​កាត់​ឈ្មោះ​នោះ​ឯង។

ប្រិយមិត្ត​ប្រាកដ​ជា​ឆ្ងល់ ចុះ​ហេតុអ្វី​ក្លឹប​ផ្សេង​មិន​អី បើ​ធ្លាក់​ពី​លីគ ២ ក៏​បន្ត​ទៅ​លីគ ៣ ទៅ ក្រែង​ល​រដូវ​កាល​បន្ទាប់​អាច​ស្រោចស្រង់​ត្រលប់​មក​ល្អ​វិញ? តែ​នេះ​ករណី Schalke 04 គឺ​មិន​អាច​ឡើយ ក៏​ព្រោះ​តែ​ទំហំ​នៃ​ប្រាក់​បំណុល​ដែល​ក្លឹប​ជាប់​ជំពាក់ វា​លើសលប់​ហួស​ប្រមាណ​ដល់​ទៅ ១៦៥ លាន​អឺរ៉ូ ហើយ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​នេះ លុះត្រា​តែ​ឈរ​នៅ​លីគ​ ២ ទើប​អាច​មាន​លទ្ធភាព​កាត់កង​សង​ទៅ​រួច ជាក់ស្តែង​ដូច​ប្រាក់​ចំណូល​ពី​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ ទទួល​បាន​ដល់​ទៅ ២០ លាន​អឺរ៉ូ ខណៈ​នៅ​លីគ 3.Liga ពួក​គេ​អាច​មាន​ត្រឹម ១០ ភាគរយ​នៃ​តួ​លេខ​នោះ​ប៉ុណ្ណោះ។

ជា​ការ​សម្រេច​តាម​ក្បួន​ច្បាប់​បាល់ទាត់​អាល្លឺម៉ង់ គឺ​នឹង​មិន​អាច​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ​ឈរ​ឈ្មោះ​ជា​ក្លឹប​បាល់ទាត់​ក្នុង​លីគ​លំដាប់​ទី ៣ ឡើយ ក៏​ព្រោះ​ហេតុផល​លើក​ឡើង​ខាង​លើ ​ពាក់ព័ន្ធ​កត្តា​ប្រាក់​បំណុល​ច្រើន​ហួស​ពី​តួ​លេខ​អាច​រំពឹង​រក​បាន​មក​វិញ។

ដូច្នេះ​បើ​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​នោះ ក៏​សម្រេច​ថា Schalke 04 ​នឹង​ត្រូវ​ចាប់ផ្តើម​ជា​ថ្មី​ឡើង​វិញ​ពី​ចំណុច ០ ហើយ​ប្រើប្រាស់​ឈ្មោះ​ជា​ក្លឹប​ថ្នាល មិនមែន​ឈ្មោះ​ក្លឹប​ផ្លូវការ​ដូច​សព្វថ្ងៃ។ ​បន្តបន្ទាប់​ត្រូវ​អភិវឌ្ឍ​ខ្លួន​ពី​មួយ​ទៅ​មួយ​រដូវ​កាល​ឡើង​ពី​ការ​ប្រកួតប្រជែង​នៅ​ក្រៅ​ក្របខ័ណ្ឌ​អាជីព ពោល​គ្រាន់​តែ​គិត​ក៏​ស្មុគស្មាញ​ដែរ។

រួច​ចុងក្រោយ​សួរ​ថា ​ចុះ​លក្ខខណ្ឌ​កីឡាករ​និង​អ្នកចាត់ការ​មាន​មុខ​មាន​មាត់​កំពុង​ឈរ​ជើង​នៅ​ទីនោះ នឹង​គិត​បែប​ណា? វា​ស៊ីសង​លើ​ការ​ចរចា​ថា​នឹង​បន្ត​នៅ ឬ​ចាកចេញ តែ​តាម​ការ​ជឿជាក់ ភាគ​ច្រើន​ដែល​ពួក​គេ​នៅ​សល់​សមត្ថភាព ​ភាព​ល្បីល្បាញ ក៏​នឹង​ជ្រើស​ទៅ​រក​ទ្រនំ​ថ្មី​មិន​ខាន ដើម្បី​តែ​បន្ត​ភាព​នឹងធឹង​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT