ទាំង Ronaldo ទាំង Messi ជឿ​លើ​ប្រផ្នូល​អាក្រក់​នេះ​ដូច​គ្នា ស៊ូ​ដើរ​គេច​ទម្លាក់​ភ្នែក​ចុះ​ក៏​អត់​ប៉ះ​ដែរ

ជា​ការ​ពិត​បាល់ទាត់​ពឹង​លើ​គុណភាព ទេពកោសល្យ​លើ​ទីលាន​ប្រកួត តែ​ក្រៅ​ពី​កត្តា​អស់​នោះ ​បណ្តា​កីឡាករ​និង​អ្នកចាត់ការ​ជា​ច្រើន​ក៏​ជឿ​លើ​សំណាង ឬ​ប្រផ្នូល​ល្អ​អាក្រក់​មុន​ការ​ប្រកួត​ផង​ដែរ។ មាន​ទម្លាប់​មួយ ដែល​ទទួល​ស្គាល់​ថា Lionel Messi និង Cristiano Ronaldo ដ្បិត​ម្ខាង​ជា​ជនជាតិ​អាហ្សង់ទីន​នៅ​អាមេរិក​ខាង​ត្បូង និង​ម្ខាង​ជា​ព័រទុយហ្គាល់​នៅ​អឺរ៉ុប ក៏​ពួក​គាត់​រក្សា​ទម្លាប់​ជឿ​គោរព​ដូច​គ្នា ឥត​ហ៊ាន​ជម្នះ​ឡើយ។

នោះ​គឺ​ការ​ប៉ះ​ពាន​រង្វាន់​មុន​ការ​ផ្លុំ​កញ្ចែ​ចាប់ផ្តើម​ប្រកួត ទម្លាប់​ស្តេច​បាល់ទាត់​ទាំង​ពីរ ដាច់​ខាត​មិន​យក​ដៃ​ទៅ​ប៉ះ​វា​ឡើយ សឹង​តែ​ពេល​ខ្លះ ឥត​ហ៊ាន​ដាក់​ក្រសែ​ភ្នែក​សម្លឹង​ផង។ យើង​ទៅ​មើល​តារា​ឆ្នើម​វ័យ ៣៦ ឆ្នាំ ធ្លាប់​បាន​រៀបរាប់​ប្រាប់​ប៉ុស្តិ៍ ESPN អំពី​ដំណើរ​ដើមទង​របស់​ខ្លួន មុន​ការ​ឈ្នះ​ពាន FIFA World Cup 2022 នៅ​ឯ​ប្រទេស​កាតារ ថា​ពិត​ជា​បាន​អនុវត្ត​ក្បួនខ្នាត​មួយ​នោះ​ពិត​មែន។

មុន​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ទល់​បារាំង​ចាប់ផ្តើម ​ម្ចាស់​អាវ​លេខ ១០ ​អាហ្សង់ទីន​រៀបរាប់​ថា៖ “ក្នុង​ករណី​នេះ ខ្ញុំ​អត់​បាន​សូម្បី​តែ​សម្លឹង​ទៅ​កាន់​ពាន មាន​ការ​លើក​ឡើង​ថា​កុំ​ឲ្យ​យើង​ប៉ះ កុំ​ឲ្យ​យើង​សម្លឹង​ទៅ​កាន់​វា​ឲ្យ​សោះ នេះ​ខ្ញុំ​បាន​អនុវត្ត​តាម​គ្រប់​យ៉ាង​អស់​ហើយ មិន​ប្រមាថ​រំលង​ទេ”។

នេះ​ខុស​ពី Mbappe ដែល​គេ​ប្រទះ​ឃើញ​មុន​ចូល​ទីលាន បាន​សំដៅ​ទៅ​ប៉ះ​ពាន​រង្វាន់​ជា​មុន ត្រង់​នេះ បែប​គេ​គិត​ថា​វា​ជា​កម្លាំង​ចិត្ត ឬ​ជា​ក្បួន​ទាក់​យក​សំណាង តែ​ការ​គិត​របស់​មនុស្ស​ម្នាក់ៗ​គឺ​ខុស​គ្នា។ សម្រាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​បារាំង ដ្បិត​រក​បាន Hat-trick ក៏​ទី​បញ្ចប់​នៅ​ចាញ់​បាល់​ប៉េណាល់ទី ក្រោម​ថ្វី​ជើង​ជម្រើស​ជាតិ​មក​ពី​ឡាទីន នាំ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​កាន់​ពាន​ពិភពលោក នៅ​ប្រទេស​កាតារ នា​ឯ​ចុង​ឆ្នាំ។

បន្ថែម​ពី Messi រហូត​ដល់​សម្រេច​លទ្ធផល​ស៊ុត​ប៉េណាល់ទី យក​ឈ្នះ​មាន់​គក​បារាំង ទើប​គេ​ហ៊ាន​សំដៅ​ទៅ​ទីតាំង​តម្កល់​ពាន​នោះ លើក​ផង ថើប​ផង និយាយ​ខ្សឹប​ប្រាប់​ផង ហើយ​អត្ថន័យ​ដែល​អតីត​ខ្សែ​ប្រយុទ្ធ Barcelona បញ្ជាក់​គឺ៖ “ខ្ញុំ​បាន​និយាយ​ពាក្យ Hello ទៅ​កាន់​នាង [នាង​សំដៅ​ទៅ​ដល់​ពាន​រង្វាន់] ខ្ញុំ​ដើរ​ចូល ហើយ​ជា​លើក​ដំបូង​ដែល​បាន​ឃើញ​នាង នាង​ប្រៀប​ដូច​ជា​មាន​ពន្លឺ​អ្វី​ម្យ៉ាង​ជះ​យ៉ាង​ចិញ្ចាច ហើយ​រះ​ឡើង នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់”។

រំឭក​ថា ​ការ​ឲ្យ​ប្រផ្នូល​មុន​នេះ ក៏ Messi មិន​ហ៊ាន​ប្រមាថ​ដូច​គ្នា​កាល​នៅ Copa America 2021 ដែល​អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​លោក​ឈ្នះ​ជើង​ឯក​ប្រចាំ​ទ្វីប​កាល​នោះ។

ឥឡូវ​យើង​ទៅ​មើល Ronaldo បើ​ទោះ​បី​មិន​ទាន់​បាន​ឈ្នះ​ពាន World Cup តែ​ពាន EURO ពាន​នៅ​ក្លឹប​ជា​ច្រើន​ផ្សេង​ទៀត ក៏​លោក​បាន​ហែល​កាត់​ស្គាល់​ជ័យជម្នះ​មិន​ចេះ​តិច​ដែរ។ កត្តា​មួយ​ក្នុង​ចំណោម​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សហការ​មិត្ត​រួម​ក្រុម ក៏​ដូច​ជា​គ្រូ​បង្វឹក សម្រាប់ CR7 បាន​ជឿ​លើ​អប្បិយជំនឿ​ពាក់ព័ន្ធ​នឹង​ការ​ហាម​ប៉ះ​ពាន​ជា​មុន​ដូច​គ្នា។

ធ្លាប់​ប្រាប់​ទៅ​កាន់ FIFA កាល​ពី​ជាង ៦ ឆ្នាំ​មុន៖ “ខ្ញុំ​អត់​ដែល​ទម្លាប់​ប៉ះ​ពាន​រង្វាន់​មុន​ជា​ដាច់​ខាត់ គឺ​អត់​ដែល​ទេ ព្រោះ​ជឿ​ថា​វា​នាំ​សំណាង​អាក្រក់​មក​ដល់​យើង ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ពាន​រង្វាន់​នេះ វា​ជា​ក្តីស្រមៃ​មួយ តែ​ក៏​ទាមទារ​ការ​ខិតខំ​ខ្លាំង​ណាស់​ដែរ”។ ជា​ការ​លើក​ឡើង មុន​ប្រកួត​ FIFA Confederation Cup សម័យ​កាល​ចុងក្រោយ ២០១៧ ក្នុង​ប្រទេស​រុស្ស៊ី ដែល​អាល្លឺម៉ង់​ឈ្នះ​ជើង​ឯក ហើយ​ព័រទុយហ្គាល់​ទទួល​បាន​ត្រឹម​លេខ ៣៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT