​ដឹង​ហើយ​កាន់​តែ​ជក់ចិត្ត នេះ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​គូ​ទាំង ៨ នៅ Asian Cup វគ្គ ១៦ ក្រុម

បន្ទាប់​ឆ្លង​កាត់​វគ្គ​ជម្រុះ​ចម្រាញ់​ក្នុង​ពូល ទី​បំផុត​ការ​ប្រជែង​ពាន​រង្វាន់ AFC Asian Cup 2023 ក៏​បាន​ឈាន​ចូល​មក​ដល់​វគ្គ ១៦ ក្រុម ដែល​នឹង​ចាប់ផ្ដើម​ផ្សាយ​បន្ត​ផ្ទាល់​នា​ល្ងាច​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​លើ​ទំព័រ CTS SPORTS។ ៨ គូ​ដែល​ត្រូវ​ប៉ះ​គ្នា​សុទ្ធ​តែ​ពិសេស ហើយ​ក៏​នឹង​ត្រូវ​មាន ៨ ​ក្រុម​ឆ្លង​ទៅ​កាន់​វគ្គ​បន្ទាប់ ១/៤ ផ្តាច់ព្រ័ត្រ។

បន្ថែម​ពី​ការ​ទស្សនា​រក​ក្រុម​ចាញ់​ឈ្នះ CTS SPORTS ក៏​សូម​បន្ថែម​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង ដើម្បី​ញាំង​ឲ្យ​រសជាតិ​នៃ​ការ​ទស្សនា​កាន់​តែ​ឆ្ងាញ់​ទៅ​តាម​នោះ៖

៨) អូស្ត្រាលី ប៉ះ ឥណ្ឌូណេស៊ី

ជួប​គ្នា​វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច ​ថ្ងៃ​អាទិត្យ ទី ២៨ មករា ដោយ​រំឭក​ស្ថិតិ​សរុប​ឆ្លង ១៨ ប្រកួត​ខាង​អូស្ត្រាលី ឈ្នះ​ដល់ ១៤ ស្មើ ៣ និង​ឥណ្ឌូណេស៊ី​ឈ្នះ ១។ លើក​ចុង​ក្រោយ​នៃ​ការ​ជួប​គ្នា ​ជម្រើស​ជាតិ​នៅ​អូស្យានី​បាន​យក​ឈ្នះ ១-០ កាល​ពី​ឆ្នាំ ២០១០ ក្នុង​វគ្គ​ជម្រុះ​បឋម Asian Cup តែ​នេះ​វា​បាន​កត់ត្រា​ជា​លើក​ដំបូង ដែល​អូស្ត្រាលី​ត្រូវ​មក​ប៉ះ​គូ​ប្រជែង​អាស៊ីអាគ្នេយ៍​នៅ​ប្រកួត​ផ្លូវការ​ម្ដង​ទៀត​ ក្រោយ​ខកខាន​តាំង​ឆ្នាំ ២០០៧ គ្រា​យក​ឈ្នះ​ថៃ ៤-០។ បញ្ជាក់​អូស្រ្តាលី​ឈរ​លេខ​រៀង​ទី ២៥ ខណៈ​ឥណ្ឌូណេស៊ី​លេខ ១៤៦ នៅ FIFA Ranking។

៧) តាហ្ស៊ីគីស្ថាន ប៉ះ អារ៉ាប់រួម

នេះ​ជា​ការ​ជួប​លក្ខណៈ​ផ្លូវការ​លើក​ដំបូង​រវាង​ជម្រើស​ជាតិ​ទាំង​ពីរ ដ្បិត​ប្រកួត​សព្វមួយដង​ត្រឹម​មិត្តភាព ២ លើក​មុន​នោះ គឺ​អារ៉ាប់​រួម​ឈ្នះ ១ ស្មើ ១។ ទៅ​មើល​ចំណាត់ថ្នាក់ FIFA Ranking ខាង​តាហ្ស៊ីគីស្ថាន​ឈរ​លេខ ១០៤ និង​អារ៉ាប់រួម​ឈរ​លេខ ៦៤។ កាលបរិច្ឆេទ​គូ​នេះ វេលា​ម៉ោង ១១:០០ នាទី​យប់​ថ្ងៃ​អាទិត្យ ទី ២៨ មករា។

៦) អ៊ីរ៉ាក់ ប៉ះ ហ្សកដានី

ប៉ះ​គ្នា​សរុប​ជិត ៥០ លើក តែ​ប្រវត្តិ​នៅ​ពាន Asian Cup គឺ​មួយ​លើក​គត់ កាល​នៅ​ឆ្នាំ ២០១៥ ដែល​អ៊ីរ៉ាក់​យក​ឈ្នះ​ទាំង​តានតឹង ១-០។ បច្ចុប្បន្ន​អ៊ីរ៉ាក់​ឈរ​លេខ ៦៣ រី​ឯ​ហ្សកដានី​លេខ ៨៧ នៅ FIFA Ranking។ កាលបរិច្ឆេទ​គូ​នេះ វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច ​ថ្ងៃ​ចន្ទ ទី ២៩ មករា។

៥) កាតារ ប៉ះ ប៉ាឡេស្ទីន

នេះ​ជា​ការ​កត់ត្រា​លើក​ដំបូង​ដូច​គ្នា​រវាង​ប្រទេស​ទាំង​ពីរ នៅ​វគ្គ​ចាញ់​ធ្លាក់ Asian Cup យ៉ាង​ណា​ក៏​ទទួល​ស្គាល់​កាតារ​មាន​ប្រៀប​ជាង ត្រង់​ចំណាត់ថ្នាក់ Ranking នៅ FIFA ឈរ​លេខ ៥៨ ​ស្រប​ពេល​ប៉ាឡេស្ទីន ឈរ​លេខ ៩៩ ឯ​ណោះ។ កាលបរិច្ឆេទ​ជួប​គ្នា​វេលា​ម៉ោង ១១:០០ នាទី​យប់ ​ថ្ងៃ​ចន្ទ ទី ២៩ មករា។

៤) អ៊ូបេគីស្ថាន ​ប៉ះ ថៃ

ដូច​គ្នា​នឹង​គូ​ខាង​លើ ត្រង់​ពួក​គេ​នេះ ក៏​មក​ជួប​លើក​ដំបូង​ដែរ នា​វគ្គ​ចាញ់​ធ្លាក់ Asian Cup ដ្បិត​ប្រកួត​ជម្រុះ​បឋម​ដើម​ឆ្នាំ ២០២៣ ខាង​អ៊ូបេគីស្ថាន ជា​អ្នក​យក​ជ័យជម្នះ។ ជម្រើស​ជាតិ​នៅ​អាស៊ី​កណ្តាល​ឈរ​លេខ ៦៨ រី​ឯ​ជម្រើស​ជាតិ​នៅ​អាស៊ី​អាគ្នេយ៍​ឈរ​លេខ ១១៣។ កាលបរិច្ឆេទ​គូ​នេះ ម៉ោង ០៦:៣០ នាទី​ល្ងាច ​ថ្ងៃ​អង្គារ ទី ៣០ មករា។

៣) អារ៉ាប៊ីសាអ៊ូឌីត ប៉ះ កូរ៉េ​ខាង​ត្បូង

ខាន​ជួប​គ្នា​តាំង​ឆ្នាំ ២០០៧ បន្ទាប់​ការ​ស្មើ ១-១ ដល់​តែ​មក​ជួប​ជា​ថ្មី​សារ​នេះ ក៏​មាន​អ្នកចាត់ការ​កំពូល​នៅ​ដឹកនាំ​ដូច​គ្នា។ លោក Roberto Mancini ដឹកនាំ​ជម្រើស​ជាតិ​ឈរ​លេខ ៥៦ ​អត់​ធ្លាប់​តតាំង​គ្នា​ទេ​ទល់ Jurgen Klinsmann ដឹកនាំ​ជម្រើស​ជាតិ​ឈរ​លេខ ២៣ ដ្បិត​អី​កាល​នៅ​អាជីព​ជា​កីឡាករ​ជួប​គ្នា​ម្តង ក៏​ស្មើ ១-១ គ្រា EURO 1988។ កាលបរិច្ឆេទ​គូ​នេះ វេលា​ម៉ោង ១១:០០ នាទី​យប់ ​ថ្ងៃ​អង្គារ ទី ៣០ មករា។

២) បារ៉ែន ប៉ះ ជប៉ុន

ជួប​គ្នា ១៣ ដង​កន្លង​មក បារ៉ែន​ស្គាល់​ឈ្នះ ២ លើក​គត់ សល់​ប៉ុន្មាន​គឺ​ស្មើ ១ ចាញ់ ៩។ ឥឡូវ​មក​ត្រូវ​ជួប​ចំ​ពេល​សាំម៉ូរ៉ៃ​ខៀវ​ឡើង​ឈរ​ជា​លំដាប់​លេខ ១ អាស៊ី និង​លេខ ១៧ នៅ​ចំណាត់ថ្នាក់​សកល ខណៈ​ជម្រើស​ជាតិ​ខ្លួន ឈរ​លេខ ៨៦ ឯ​ណោះ។ កាលបរិច្ឆេទ​គូ​នេះ ម៉ោង ៦:៣០ នាទី​យប់ ​ថ្ងៃ​ពុធ ទី ៣១ មករា។

១) អ៊ីរ៉ង់ ប៉ះ ស៊ីរី

ខាន​ជួប​គ្នា ៤៤ ឆ្នាំ​នៅ Asian Cup ឥឡូវ​បាន​មក​កាត់កង​គ្នា​ម្តង​ទៀត​ហើយ ត្រង់​សារ​នេះ ត្រូវ​តែ​មាន​មួយ​ឈ្នះ​ជា​ចាំ​បាច់។ យ៉ាង​ណា​លើក​ចុងក្រោយ​នៅ​វគ្គ​ជម្រុះ​បឋម World Cup 2022 ឃើញ​ថា​អ៊ីរ៉ង់​ឈ្នះ​ទាំង​ពីរ​ជើង ៤-០។ រំឭក​អំពី​ចំណាត់ថ្នាក់​អ៊ីរ៉ង់​ឈរ​លេខ ២១ ខណៈ​ស៊ីរី​ឈរ​លេខ ៩១ នៅ FIFA Ranking។ កាលបរិច្ឆេទ​គូ​នេះ វេលា​ម៉ោង ១១:០០ នាទី​យប់ ​ថ្ងៃ​ពុធ​ទី ៣១ មករា៕
ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT