Andres Iniesta ​កំពុង​ហោះ​ទៅ​ជប៉ុន ​ចូល​​លេង​ក្រុម​ជាមួយ ​Theerathon ​ហើយ

ខ្សែ​បម្រើ​ឆ្នើមAndres Iniesta ​កំពុង​ធ្វើ​ដំណើរ​ជាមួយ​ប្រធាន​ក្លឹប Vissel Kobe ​ទៅ​​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​ការ​ចុះ​កុងត្រា​លេង​ជា​ផ្លូវ​ការ​ហើយ។

Iniesta ​បាន​ប្រកាស​ចាកចេញ​ពី FC Barcelona ​ក្រោយ​ពី​រួម​រស់​ជាមួយ​ក្លឹប​នេះ​អស់​រយៈ​ពេល​២២​ឆ្នាំ។ ​ការ​ចាកចេញ​នេះ មាន​ក្លឹប​២​ដែល​គេ​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​គឺ ​ក្លឹប​នៅ​ប្រទេស​ចិន ​និង​ក្លឹប​នៅ​ប្រទេស​ជប៉ុន។ ​នៅ​យប់​មិញ​នេះ ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​នៅ​លើ​យន្ដហោះ​ជាមួយ​លោកHiroshi Mikitani ​ប្រធាន​ក្លឹប Vissel Kobe ​ទៅ​ហើយ។

មិន​ត្រឹម​តែ​បង្ហោះ​រូប​បែប​នេះ Iniesta ​ថែម​ទាំង​សរសេរ​ទៀត​ថា​៖ “ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ​ថ្មី​របស់​ខ្ញុំ ជាមួយ​មិត្តភក្ដិ”។ មួយ​ឃ្លា​នេះ​បាន​បញ្ជាក់​គ្រប់គ្រាន់​ហើយ​ថា ​វីរបុរស​ក្រុម​អ្នក​មាន​បុណ្យ​ពិត​ជា​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ជប៉ុន​ហើយ។

Vissel Kobe ​បច្ចុប្បន្ន​កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង​លីគ​កំពូល​របស់​ប្រទេស​ជប៉ុន។ ហើយ​ក្លឹប​មួយ​នេះ ​មាន​កីឡាករ​ថៃ​ម្នាក់​កំពុង​លេង​ផង​ដែរ​គឺ​ខ្សែ​ការពារ       Theerathon Bunmathan ​ខ្ចី​ជើង​ពី​ក្រុម Muangthong United។ អតីត​កីឡាករ​ក្រុម Arsenal ​គឺ Lukas Podolski ​ក៏​កំពុង​លេង​នៅ​ក្លឹប​នេះ​ដែរ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT