មក​សាង​ទាំង​កេរ្តិ៍ឈ្មោះ រួច​លក់​ចេញទៅ​វិញ​ក៏នៅ​ចំណេញ នេះ ៥ រូប​ Real Madrid ចាំ​គ្មាន​ថ្ងៃ​ភ្លេច

កន្លង​មក​ធ្លាប់​តែ​លឺ​គេ​និយាយ​អំពី Ajax, Benfica និង Dortmund ជា​ដើម ថា​ជា​រោងចក្រ​ផលិត​ធនធាន​កីឡាករ ត្រង់​ជា​រៀងរាល់​ឆ្នាំ​អាច​កើប​ផល​ចំណេញ​រាប់​សិប​លាន​ពី​បាល់ទាត់។ យ៉ាង​ណា​ងាក​មក​ចំណោម​ក្លឹប​ធំ ក៏​មាន​ដែរ ​គ្រាន់​តែ​មាន​តិច បើ​យើង​និយាយ​អំពី​ការ​នាំ​ចូល អាច​មក​កើត​ផល​ល្អ ហើយ​ដល់​ពេល​លក់​ចេញ​ទៅ​វិញ ក៏​នៅ​តែ​អាច​ចំណេញ​ប្រាក់​នោះ។

អធិរាជ​ស Real Madrid ពិត​ជា​មិនអាច​​រំលង​ក្នុង​ការ​លើក​មក​និយាយ ពាក់ព័ន្ធ​នឹង​ប្រធានបទ​ខាង​លើ។ PEAK SPORTS សង្ខេប​ដំណើរ​រឿង​តារា​ឆ្នើម​គួរ​ឲ្យ​ចងចាំ ៥ រូប​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប​អេស្ប៉ាញ៖

៥) Mesut Ozil

នៅ​រដូវ​ក្តៅ ឆ្នាំ ២០១០ ​ក្លឹប​ដែល​ទើប​ចាត់​តាំង​ប្រធាន​ថ្មីថ្មោង​លោក Florentino Perez ​បាន​មើល​ឃើញ​យុវជន​កំពុង​ពេញ​លេង​នៅ​ឯ​ក្លឹប​អាល្លឺម៉ង់ Werder Bremen គឺ Ozil។ ដំណើរ​ផ្ទេរ​ចូល​មក​កាន់ Real Madrid ក្លឹប​ចាយ​អស់​ត្រឹម ១៨ លាន​អឺរ៉ូ តែ​សមិទ្ធ​គេ​សម្រេច​បាន ហៅ​ថា​លើសលប់​ត្រង់ ១៥៩ ប្រកួត អាច​រក​បាន ២៧ គ្រាប់ និង Assist ដល់ ៨១ លើក។

បុរស​ភ្នែក​ក្តាម​ជំនាញ​ចែក​បាល់​វែង​ខ្លី ​ចាយ​ពេល​នៅ​ទី​នោះ​ជាង ៣ ឆ្នាំ ហើយ​ក៏​ជ្រើស​ការ​ផ្ទេរ​បន្ត​ទៅ​កាន់ Arsenal មាន​តម្លៃ​ខ្លួន​គុណ​លើស​ជា​ពីរ ចូល​ដល់ ៤៧ លាន​អឺរ៉ូ។ ត្រង់​នេះ​មាន​ន័យ Real Madrid ​យក​ប្រើ​កើតការ​ហើយ ក៏​ចំណេញ​លុយ ២៩ លាន​ចូល​ហោប៉ៅ​ទៀត។

៤) Alvaro Morata

ករណី​ជាមួយ​កីឡាករ​អេស្ប៉ាញ​គឺ​ Madrid ចំណេញ​ ២ តង់ ត្រង់​ដើម​ឡើយ Morata ជា​យុវជន​ថ្នាល​នៅ​ឈុត Castilla ដល់​តែ​រដូវ​ក្តៅ ឆ្នាំ ២០១៤ ក៏ Juventus ពេញ​ចិត្ត​ទិញ​យក​ក្នុង​តម្លៃ ២០ ​លាន​អឺរ៉ូ។ អភិវឌ្ឍ​ខ្លួន​នៅ​ទី​នោះ​ពីរ​ឆ្នាំ សេះ​បង្កង់​ចំណេញ​បាន ១០ លាន លក់​មក​ឲ្យ​ក្លឹប​ចាស់​វិញ តែ​ស្តេច​ស​ឆ្លាត មិន​សុខៗ​ចេះ​តែ​យក​ខុស​ឡើយ នេះ​ទិញ​មក​វិញ ៣០ លាន ​កែខៃ​សមត្ថភាព​គេ​មួយ​ឆ្នាំ បែរ​អាច​លក់​ទៅ​វិញ​ក្នុង​ឆ្នាំ ២០១៧ ជូន Chelsea នៅ​តម្លៃ​ដល់ ៦៦ លាន​អឺរ៉ូ។

Morata សាង​កេរ្តិ៍ឈ្មោះ​ល្អ​ខ្លាំង​នៅ Castilla ហើយ​គ្រា​មក​ឈុត​ធំ ក៏​មិន​អន់​នោះ​ដែរ ត្រង់​រក​បាន ៣១ គ្រាប់ Assist ១១ លើក​មុន​ចាកចេញ​ទៅ​តោ​ខៀវ ជា​កន្លែង​កើត​ការ​ខាតបង់​ខុស​ពី​ដំណើរ​វិនិយោគ​របស់​ Madrid។ ដូច​នេះ​ករណី​ប្រយុទ្ធ​ប្រអប់​ខាង​លើ បូក​ដក​ចុះ​ឡើង​ក្លឹប​ចំណេញ ៥៦ លាន​អឺរ៉ូ។

៣) Casemiro

មិន​បាច់​រៀបរាប់​ច្រើន​អំពី​ស្ថិតិ ត្រឹម​ហៅ​ឈ្មោះ​កីឡាករ​ប្រេស៊ីល ប្រាកដ​ណាស់​អ្នក​គាំទ្រ​ស្គាល់​ច្បាស់​ណាស់​ទៅ​ហើយ ក្នុង​រជ្ជកាល​មាស​គេ​លេង​តំណែង​បម្រើ​ការពារ ឬ DMF ឲ្យ​ស្តេច​ស។ អំពី​ដំណើរ​ផ្ទេរ​ចេញ​ចូល គឺ​ក្លឹប​ចំណេញ​កប់​ក្តោង ត្រង់​ការ​ទិញ​យក​ពីរ​លើក ម្តង​ពី Sao Paulo ម្តង​ពី FC Porto សរុប​ចាយ​ត្រឹម ២១ លាន​ ដល់​តែ​លក់​ចេញ​ទៅ​វិញ​សរុប​បាន​ដល់ ៧៨,១៥ លាន ម្ល៉េះ​មាន​ន័យ​ក្លឹប​ចំណេញ ៥៧,១៥ លាន​អឺរ៉ូ។

២) Angel di Maria

ស្គាល់​ជាតិ​គ្រប់​ពាននៅ​អេស្ប៉ាញ និង​សូម្បី​លំដាប់​ពាន​អឺរ៉ុប UCL កាល​ទៅ​រួមរស់​ជាមួយ Real Madrid ៤ ឆ្នាំ ក្នុង​តម្លៃ​ផ្ទេរ ៣៣ លាន​អឺរ៉ូ។ ឆ្លៀត​ថែម​ស្ថិតិ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​អាហ្សង់ទីន​បន្តិច នេះ​ល្អ​មិន​ចាញ់ Ozil ត្រង់ ១៩០ ប្រកួត រក​បាន ៣៦ គ្រាប់ និង Assist ៨៥ លើក។

ស្តេច​ស​គិត​ត្រូវ​ក្នុង​ការ​អភិវឌ្ឍ​ជើង Di Maria បន្ទាប់​ប្រើប្រាស់​គេ​ ៤ ឆ្នាំ ដល់​ឆ្នាំ ២០១៤ លក់​ចេញ​ទៅ​វិញ​ឲ្យ Man United បាន​ដល់ ៧៥ លាន អ៊ីចឹង​ស្មើ​នឹង​កើត​ផល​ចំណេញ​ពី​ការ​ផ្ទេរ​ចំនួន ៤២ លាន​អឺរ៉ូ។

១) Cristiano Ronaldo

ករណី CR7 ​បើ​និយាយ​តួ​លេខ​ប្រាក់​ចំណេញ​គឺ​មិន​ច្រើន​ទេ តែ​បើ​កាត់កង​សមិទ្ធផល​ចូលរួម​ចំណែក​ជួយ​ក្លឹប បូក​ពេលវេលា​ប្រើប្រាស់​កីឡាករ​លើ​ទីលាន នោះ​វា​លើសលប់​ឥត​ឧបមា ពោល​លុយ​រយ​លាន​ក៏​ដូរ​មិន​បាន​ដែរ។

នៅ​រដូវ​ក្តៅ ឆ្នាំ ២០០៩ បិសាច​ក្រហម​ព្រម​លក់​ Ronaldo ទៅ​ឲ្យ​អធិរាជ​ស ក្នុង​តម្លៃ​កំណត់ត្រា ៩៤ លាន​អឺរ៉ូ។ ឆ្លង​កាត់​ពេលវេលា​ឈរ​ជើង​ ៩ ឆ្នាំ លោក​បាន​ក្លាយ​ជា Top Scorer ប្រចាំ​ប្រវត្តិសាស្រ្ត​ក្លឹប រក​បាន​ដល់​ទៅ ៤៥០ គ្រាប់ ជាមួយ​នឹង​កំណត់ត្រា​ហូរហែ​រាប់​មិន​អស់។

សឹង​តែ​មិន​ចង់​ជឿ ​ក្នុង​វ័យ ៣៣ ឆ្នាំ Ronaldo អាច​មាន​តម្លៃ​ខ្លួន​ដល់​ទៅ ១១៧ លាន​អឺរ៉ូ គ្រា Juventus ថ្ពក់​យក ក្នុង​ឆ្នាំ ២០១៨។ នេះ​ក្លឹប​នៅ​តែ​ចំណេញ​ប្រាក់ ២៣ លាន តែ​ងាក​ទៅ​ក្លឹប​បន្ទាប់​សេះ​បង្កង់ ត្រង​យក​តារា​ចាស់​វស្សា​ព័រទុយហ្គាល់​ត្រឹម ៣ ឆ្នាំ បែរ​កើត​ការ​ខាតបង់​ដល់ ១០០ លាន​អឺរ៉ូ​ទៅ​វិញ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT