ម្ដងម្កាល​ក៏​ចេះ​ធុញថប់! សេដ្ឋី​វ័យ​ក្មេង Mbappe ​ថា​នឹង​ទៅ​ធ្វើ​រឿង​ទាំង​នេះ បើ​មាន​ពេល ២ ​ថ្ងៃ​ដក​ឃ្លា​ពី​បាល់ទាត់

អាយុ​ទើប​ ២៥ ឆ្នាំ តែ Kylian Mbappe ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ អាច​មាន​ទ្រព្យសម្បត្តិ​ជិត ២០០ លាន​ដុល្លារ ដែល​ទំហំ​នេះ​វា​ធំធេង​ឥតឧបមា ហើយ​ក៏​រំពឹង​អាច​កើន​ដល់​ខ្ទង់​ពាន់​លាន ដូច Cristiano Ronaldo ដូច Lionel Messi ប្រសិន​អាច​បន្ត​ទម្រង់​លេង​ល្អ និង​បន្ថែម​ប្រជាប្រិយភាព​កាន់​ឆ្នាំ​ទៅ​មុខ។

យ៉ាង​ណា​នៅ​បទសម្ភាសន៍​ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ​ជាប់​រហស្សនាម “កូនអណ្ដើក​តូច​បារាំង” បាន​សង្កត់​ធ្ងន់​ដល់​បញ្ហា​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ គឺ​ម្តងម្កាល​ធ្លាប់​មាន​ភាព​ធុញថប់​អារម្មណ៍ ត្រង់​ទៅ​ណា​ក៏​មិន​បាន​ដូច​ចិត្ត ក៏​ព្រោះ​តែ​ភាព​ល្បីល្បាញ​របស់​ខ្លួន បាំង​អស់​ភាព​រីករាយ​ដែល​ខ្លួន​ធ្លាប់​ហែល​កាត់​កាល​នៅ​ជីវិត​សាមញ្ញ។

សួរ​ថា​នរណា​មិន​ស្គាល់ Mbappe នៅ​ទូទាំង​ប្រទេស​បារាំង ព្រោះ​ដល់​ថ្នាក់​សូម្បី​លំដាប់​នាយករដ្ឋមន្រ្តី​ប្រចាំ​ផ្ទៃ​ប្រទេស ក៏​ធ្លាប់​លើក​ឈ្មោះ​អតីត​យុវជន​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​ដាច់​គេ​ក្នុង​លោក​រូប​នេះ មក​និយាយ​ផង​ដែរ។ គេ​កាន់​តែ​ផ្តើម​ផ្ទុះ​ភាព​ល្បីល្បាញ​ខ្លាំង នៅ​ល្បាក់​ឆ្នាំ ២០១៨ ក្រោយ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក FIFA World Cup ហើយ ២០២២ ក៏​បន្ថែម​មួយ​កម្រិត​ទៀត ទោះ​ត្រឹម​នាម​ជា​ជើង​ឯក​រង។

​ប្រាប់​នៅ​កម្មវិធី Envoye Special ​កីឡាករ​ Top Scorer ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លឹប PSG បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា៖ “​ត្រឹម​តែ​ការ​ទៅ​ទិញ​នំប៉័ង​នៅ​ខាង​ក្រៅ ខ្ញុំ​ត្រូវ​ចាយ​លុយ​ជា​ច្រើន​ដើម្បី​ធ្វើ​វា ដែល​រឿង​អស់​នេះ វា​សាមញ្ញ​បំផុត​សម្រាប់​មនុស្ស​ធម្មតា និយាយ​ត្រង់​ទៅ​ខ្ញុំ​ពិត​ជា​បាន​បាត់បង់​នៅ​រសជាតិ​នៃ​ការ​រស់នៅ​ជា​មនុស្ស​ធម្មតា ខ្ញុំ​ពិត​ជា​នឹក​អារម្មណ៍​បែប​នោះ​ខ្លាំង​ណាស់”។

មាន​ការ​សួរនាំ​ចាក់​អារម្មណ៍​ជ្រាលជ្រៅ​បែប​នេះ​ថា ចុះ​បើ​លោក​មាន​ពេល ៤៨ ម៉ោង ឬ ២ ​ថ្ងៃ​ពេញ ក្នុង​ការ​ដក​ឃ្លា​ពី​បាល់ទាត់ ទៅ​ណា​មក​ណា​ដោយ​គេ​មិន​ស្គាល់​មិន​ឃើញ តើ​លោក​នឹង​ធ្វើ​អ្វី​ខ្លះ? ក៏​ស្រាប់​តែ​ Mbappe ឆ្លើយ​ទាំង​ទឹកមុខ​ញញឹមញញែម៖ “ពិត​ប្រាកដ​ណាស់! ខ្ញុំ​នឹង​ចាយ​ពេលវេលា​ទាំង​អស់​នោះ នៅ​ខាង​ក្រៅ ​ខ្ញុំ​អាច​និយាយ​ពាក្យ​នេះ ដោយ​មិន​បាច់​គិត​ច្រើន​ឡើយ”។

លោក​បន្ត៖ “ទៅ​ញុាំ​អាហារ​នៅ​ហាង​តាម​ដង​ផ្លូវ ទៅ​ដើរ​លេង​ខាង​ក្រៅ​ជាមួយ​មិត្តភក្តិ​ខ្ញុំ ជប់លៀង​ដោយ​ភាព​ស្ងប់ស្ងាត់ ដោយ​គ្មាន​នរណា​មក​តាម​ឃ្លាំមើល ហើយ​នៅ​ព្រឹក​បន្ទាប់ ញុាំ​អាហារ​លើ​ដំបូល​ផ្ទះ​មើល​ព្រះ​អាទិត្យ ជីវិត​សាមញ្ញៗ​បែប​នេះ អ្នក​រាល់​គ្នា​អាច​ទទួល​បាន​វា​ដោយ​ងាយ ខណៈ​ខ្ញុំ​ក៏​ពិត​ជា​ចូលចិត្ត​ចង់​បាន​បំផុត”។

រំឭក​ថា​រឿង​នេះ​មិន​ត្រឹម​តែ​កើត​លើ Mbappe ម្នាក់​ទេ កន្លង​ទៅ​ទៀត​សោត​ក៏​ធ្លាប់​កើត​លើ​តារា​ឆ្នើម Cristiano Ronaldo ផង​ដែរ កាល​កំពុង​ពេញ​ល្បី​ខ្លាំង​នៅ Real Madrid។

តារា​ឆ្នើម​ព័រទុយហ្គាល់​ធ្លាប់​បង្ហើប​កាល​ពី ១៥ ឆ្នាំ​មុន៖ “ខ្ញុំ​អត់​អាច​ចេញ​ទៅ​កន្លែង​សាធារណៈ​ដោយ​ស្រួល​ទេ ខ្ញុំ​គ្មាន​ភាព​ឯកជន​ឡើយ ដូច​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ២០០៩ ខ្ញុំ​ប្រាប់​មិត្តភក្តិ​ខ្ញុំ​គឺ Ricardo ថា​ចង់​ចេញ​ទៅ​ក្រៅ យើង​មិន​អាច​សម្ងំ​នៅ​ផ្ទះ​បាន​ទេ យើង​ក៏​ទៅ​ទិញ​ឈុត​តុបតែង​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​បារ​ឌីស្កូ​ចំ​កណ្តាល​ទីក្រុង Madrid ហើយ​យើង​ព្រមព្រៀង​គ្នា​មុន​ថា​និយាយ​តែ​ភាសា​អង់គ្លេស​ទេ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​បាន”។

លោក​បន្ត៖ “តែ​ចៃដន្យ​ពេល​មួយ ខ្ញុំ​ជ្រុល​និយាយ​ភាសា​ព័រទុយហ្គាល់ ហើយ​មាន​មនុស្ស​ម្នាក់​ចាប់​បាន និង​មក​ខ្សឹប​ប្រាប់​ខ្ញុំ ថា​គេ​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​ជា Cristiano បន្ទាប់​មក​ក៏​បុរស​ម្នាក់​នោះ ប្រាប់​គ្រប់​គ្នា​នៅ​ក្នុង​បារ តែ​ម្នាក់ៗ​មិន​ដាក់​ការ​សង្ស័យ​ខ្លាំង​ទេ ទើប​យើង​អាច​រីករាយ​នៅ​ទី​នោះ​បាន ៣ ម៉ោង វា​ជា​យប់​ដ៏​រីករាយ​បំផុត​មួយ​សម្រាប់​ជីវិត​ខ្ញុំ”។

ទាំង​នេះ​បង្ហាញ​ច្បាស់​ថា ជីវិត​អ្នក​ល្បី​មិន​ស្រួល​ដូច​យើង​គិត​ទេ ជា​រួម​ដើម្បី​ប្តូរ​យក​ភាព​ស្រណុក​សុខ​ស្រួល​លើ​គំនរ​ទ្រព្យ កេរ្តិ៍ឈ្មោះ គឺ​ត្រូវ​លាក់បាំង​អារម្មណ៍​និង​ការ​ចង់​បាន​សម្រាប់​ជីវិត​ជា​ច្រើន​ចំណុច៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT