រឿង Joao Gomes ទទួល​កាត​ក្រហម​រាង​រង្វង់ ដំបូង​ផ្អើល​ដែរ តែ​ដឹង​មូលហេតុ​ហើយ​អស់​សំណើច​ទៅ​វិញ

សព្វថ្ងៃ​នៅ​ការ​ប្រកួត​បាល់ទាត់​សឹង​តែ​ទូទាំង​សកលលោក អាជ្ញាកណ្តាល​សម្រេច​ប្រើប្រាស់​តែ ២ កាត​ប៉ុណ្ណោះ គឺ​កាត​លឿង ជា​សារ​ព្រមាន និង​កាត​ក្រហម ជា​ការ​បណ្តេញ​ចេញ។ នៅ​ប្រកួត​ទោល ពិន័យ​កាត​លឿង ២ ស្មើ​កាត​ក្រហម ១ វា​ជា​ច្បាប់​បាល់ទាត់​មាន​អាយុ​កាល​រាប់​ទសវត្ស​ហើយ​ក៏​បន្ត​ប្រើ​មក​ទល់​បច្ចុប្បន្ន។

ងាក​ទៅ​មើល​ទម្រង់​នៃ​កាត​ទាំង​ពីរ​ពណ៌​ដែល​អាជ្ញាកណ្តាល​ហូត​ចេញ​ពី​ហោប៉ៅ​លើក​មក​ពិន័យ​កីឡាករ គឺ​មាន​ទម្រង់​ស្តង់ដារ​ជា​រាង​ចតុកោណកែង វិមាត្រ ១១x៧ សង់ទីម៉ែត្រ។ ដល់​តែ​ងាក​ទៅ​ប្រកួត FA Cup កន្លង​ទៅ បែរ​កើត​រឿង​ភ្ញាក់ផ្អើល ត្រង់​កាត​ក្រហម​ដែល​អាជ្ញាកណ្តាល​លើក បែរ​ចេញ​ជា​រាង​រង្វង់ ​ដែល​គ្នា​យើង​ភាគច្រើន​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក។

តើ​វា​មាន​លក្ខណៈ​ពិសេស​អ្វី ធៀប​នឹង​កាត​ក្រហម​រាង​ចតុកោណកែង ហើយ​មាន​ហេតុផល​អ្វី​នៅ​ពី​ក្រោយ​នោះ ទើប​អាជ្ញាកណ្តាល​ជ្រើសរើស​យក​មក​ប្រើប្រាស់? សំណួរ​របស់​អ្នក​គាំទ្រ CTS SPORTS តែង​មាន​ចម្លើយ​ផ្តល់​ជូន នេះ​ពួក​យើង​សូម​ឆ្លើយ​យ៉ាង​ខ្លី គឺ​វា​គ្មាន​លក្ខណៈ​ពិសេស​ដាក់​ពិន័យ​តិច​ច្រើន​ជាង​កាត​ទូទៅ​នោះ​ទេ គ្រាន់​ថា​ផ្តល់​ប្រយោជន៍​ងាយ​ស្រួល​ចំណាំ​ទៅ​វិញ សម្រាប់​អាជ្ញាកណ្ដាល។

ប្រកួត​ស្មើ ១-១ រវាង Brentford និង Wolves ​សម្រាប់​ខាង​ចចក​បាន​បាត់បង់​កីឡាករ​លេង​តំណែង​​បម្រើ តាំង​នាទី​ទី ៩ គឺ Joao Gomes។ ត្រង់​នោះ​អាជ្ញាកណ្តាល​លោក Tony Harrington បាន​ហូត​ចេញ​កាត​ពណ៌​ក្រហម​យ៉ាង​រហ័ស មក​ពិន័យ​បណ្តេញ​ចេញ​សមាជិក Wolves ដែល​វា​មាន​ទម្រង់​ជា​រាង​រង្វង់។

បើ​តាម​ការ​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ពី​ប្រភព​ក្រៅ​ស្រុក មូលហេតុ​គឺ​វា​អាច​ជំនួយ​ជួយ​ដល់​អាជ្ញាកណ្តាល​ក្នុង​ការ​ស្ទាប​ទម្រង់​កាត​ជា​មុន សឹម​ហូត​ចេញ ដោយ​ឥត​ចាំ​បាច់​មើល​ច្រើន ធ្វើ​បែប​នេះ ជៀសវាង​ការ​ភ័ន្តច្រឡំ​ដក​ខុស​កាត នាំ​ឲ្យ​កើត​ភាព​ស្មុគស្មាញ​និង​មន្ទិល​សង្ស័យ​លើ​ទីលាន។

បើ​តាម​គណនី 1025Traveller លើ​គេហទំព័រ Reddit បាន​បញ្ចេញ​មតិ​ថា ខ្លួន​បាន​ជួប​អាជ្ញាកណ្តាល​កីឡា Rugby លោក Andre Watson ដោយ​ផ្ទាល់​នៅ​ខាង​ក្រៅ ហើយ​សួរ​ចំៗ​ក៏ Andre ឆ្លើយ​ដូច​គ្នា គឺ​មក​ពី​ធ្លាប់​ទាញ​ខុស​កាត ឧទាហរណ៍​ជួន​ខ្លះ​ចង់​ពិន័យ​កីឡាករ​នោះ​ត្រឹម​កាត​លឿង​ទេ តែ​លឿន​ពេក​បែរ​ទៅ​ចាប់​កាត​ក្រហម ម្ល៉េះ​ហើយ​មិន​ចង់​បង្ក​កំហុស Error ជា​ថ្មី ទើប​ជ្រើស​ការ​ប្រើ​កាត​ទម្រង់​ផ្សេង​គ្នា​មួយ​ជា​ចតុកោណកែង មួយ​ជា​រង្វង់ ដើម្បី​ងាយ​ចំណាំ​ឥត​បាច់​មើល​ច្រើន កំឡុង​ពេល​ហូត​ចេញ​ពី​ហោប៉ៅ។

រំឭក​ថា នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ ដោយ​កន្លង​មក​ក៏​ធ្លាប់​កើត​មាន​រឿង​ស្រដៀង​គ្នា ចេញ​ពី​អតីត​អាជ្ញាកណ្តាល​នៅ Premier League លោក Uriah Rennie ហើយ​នៅ FA Cup ទៀត​សោត​រដូវ​កាល​មុន ក៏ Dean Whitestone ធ្លាប់​លើក​កាត​ក្រហម​រាង​មូល នៅ​ប្រកួត​ក្លឹប Wrexham ស្មើ​ Sheffield United ផង​ដែរ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT